ទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជា ជាប្រទេសក្រីក្រ និងតូចមែន ប៉ុន្តែការស្រឡាញ់សុខសន្តិភាព មានភាពធំធេងណាស់

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានអាជ្ញាធរមីនបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនកម្រិតខ្ពស់ថ្នាក់តំបន់ និងអាស៊ាន សម្រាប់គាំទ្រប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិ ជូនដល់សិក្ខាកាមមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន ចំនួនជាង ៦០រូប នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។

លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីចែករំលែកនូវបទពិសោធន៍លើជំនាញបោសសម្អាតមីនកម្រិតខ្ពស់ ដែលជាការបង្ហាញនូវការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា កម្ពុជាជាប្រទេសក្រីក្រ និងតូចមែន ប៉ុន្តែការស្រឡាញ់សុខសន្តិភាព មានភាពធំធេងណាស់។ ទន្ទឹមនោះលោកទេសរដ្ឋមន្រ្តីក៏បានស្នើសុំឲ្យកងកម្លាំងកម្ពុជាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឲ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីនាំមកនូវកេរិ៍ឈ្មោះជូនដល់ប្រទេសជាតិរបស់យើង៕