រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មពន្យល់វិនិយោគិនចិន អំពីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងកម្ពុជា

សានស៊ី, ចិន ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការពន្យល់វិនិយោគិន និងធុរជនចិន នៃខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន អំពីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីរក្សាវិនិយោគិនបច្ចុប្បន្ន និងទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីប្រទេសចិន។

ការពន្យល់របស់លោករដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តសានស៊ី) ឆ្នាំ២០១៩ ដែលរៀបចំឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដំណាលគ្នាជាមួយព្រឹត្តិការពិព័រណ៍ «The 4th Silk Road International Exposition & the Investment and Trade Forum for Cooperation between East and West China» នៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី។

នៅក្នុងឱកាសនោះ លោក ឈួន ដារ៉ា បានលើកឡើងអំពីចំណាត់ការថ្មីៗ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលុបបំបាត់នីតិវិធីស្មុគ្រស្មាញ និងសកម្មភាពការិយាធិបតេយ្យទាំងឡាយ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន ឱ្យបានអតិបរិមា ដើម្បីធានាការលូតលាស់ប្រកបដោយនិរន្តរភាព។

លោក ឈួន ដារ៉ា បានគូសបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន មានដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ, ធ្វើប្រតិភូកម្មសេវាចេញ CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ, រំកិលទីតាំងឈរជើងរបស់កាំកុងត្រូល, ដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗជាដើម»។

សូមជម្រាបថា វេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តសានស៊ី) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរទស្សនៈ និងបណ្តុះផ្នត់គំនិតថ្មីៗ ទាក់ទងការពង្រឹងសហគ្រិនភាព និងការគ្រប់គ្រងធុរកិច្ចប្រកបដោយភាពច្នៃប្រឌិត។ វេទិកានេះ ក៏ជាឱកាសសម្រាប់វិនិយោគិនចិន ធ្វើការស្វែងយល់អំពីសក្តានុពលវិនិយោគ នៅតាមប្រទេសផ្សេងៗក្នុងពិភពលោក ហើយឆ្នាំនេះកម្ពុជា គឺជាប្រទេសកិត្តិយស ដែលត្រូវបានអញ្ជើញឱ្យចែករំលែកបទពិសោធន៍, កាលានុវត្តភាពធុរកិច្ច និងសក្តានុពលវិនិយោគ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ៕