ចិនប្រកាសដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ ពាន់លានដុល្លារ ឆ្លើយតបទៅនឹងតម្លៃពន្ធថ្មីរបស់ លោក Trump

ប៉េកាំង ៖ ទីភ្នាក់សារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា រដ្ឋាភិបាលចិនបានប្រកាសនឹងដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៦០ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ខណៈផលិតផលសរុបប្រមាណ ៥,៤១០ មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិននឹងរងការប៉ះពាល់ពីចំណាត់ការនេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចាប់ផ្តើមអនុវត្តន៍ការយកពន្ធរហូតដល់២៥ភាគរយ ទៅលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ហើយលោកក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងគួរសម្រេច កិច្ចព្រមព្រៀងឲ្យបានឆាប់ជាមួយប្រទេសលោក ព្រោះថាបើមិនដូច្នោះទេស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀតសម្រាប់ចិន។ ទោះបីយ៉ាងណារដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងមិនចុះចាញ់ដាក់សម្ពាធពីខាងក្រៅជាដាច់ខាត។

សូមជម្រាបថា បញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ បានផ្ទុះឡើងដំបូងកាលពីពាក់កណ្តាលឆ្នាំមុន ក្រោយពីរដ្ឋាបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើការនាំចូលដែកថែបរបស់ចិន ហើយទីក្រុងប៉េកាំងក៏បានប្រកាសដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក រហូតដល់ចុងឆ្នាំ២០១៨ ភាគីទាំងពីរក៏បានឯកភាពគ្នាបើកកិច្ចចរចាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ ប៉ុន្តែមិនទាន់ឃើញបានទទួលលទ្ធផលអ្វីនៅ ឡើយទេមកទល់ពេលនេះ។

ដោយឡែក បើតាមទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជួបជាមួយប្រធានាធិបតី ចិន លោក ស៊ី ជិនពីង នៅខែមិថុនាខាងមុខនេះ។

ថ្លែងចេញពីសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖« រឿងនេះអាចនឹងកើតឡើង…ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថាខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ…ហើយខ្ញុំគិតថាវានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា»៕