ព្យុះ​ស៊ីក្លូន​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​កើន​ដល់​៧៧​នាក់​ហើយ​

​ឥណ្ឌា ៖ ចំនួន​អ្នកស្លាប់​ពី​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លា​ដែល​បាន​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា និង​បង់​ក្លា​ដែ​ស​នៅ​ដើមខែ​ឧសភា​បាន​កើនឡើង​ដល់៧៧នាក់​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​កំហឹង​បាន​កើនឡើង​ពាក់ព័ន្ធ​នឹង​មនុស្ស​រាប់លាន​នាក់​នៅតែ​គ្មាន​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ។​

​ព្យុះ​ស៊ីក្លូន Fani ដែលជា​ព្យុះ​ស៊ីក្លូន​រដូវក្តៅ​ដំបូងបង្អស់​ដែល​វាយប្រហារ​ឆ្នេរសមុទ្រ Bengal របស់​ឥណ្ឌា​ក្នុង​រយៈពេល ៤៣ ឆ្នាំ​បាន​បណ្តាល​ឲ្យ​មានការ​បាក់​ដី​នៅ​រដ្ឋ Odisha កាលពី​ថ្ងៃទី ៣ ខែឧសភា​ដែល​បណ្តាល​ឲ្យ​មាន​កម្លាំង​ខ្យល់​បក់​រហូតដល់ ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​

​ខ្យល់​បានធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​កន្លះ​លាន​ខ្នង ដួលរលំ​ដើមឈើ​រាប់ពាន់​ដើម និង​បាន​កាត់ផ្តាច់​នូវ​អគ្គិសនី ទូរគមនាគមន៍ និង​ទឹក​សម្រាប់​មនុស្ស​រាប់លាន​នាក់​នៅក្នុង​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ក្រីក្រ​បំផុត​របស់​ឥណ្ឌា​។​

​ចំនួន​អ្នកស្លាប់​នៅ​ឥណ្ឌា​មាន​ចំនួន ៤១ នាក់​ដោយ​កើនឡើង​ជាមួយនឹង​ការស្លាប់​ថ្មី​ដែល​បាន​រាយការណ៍​មកពី​ស្រុក Puri និង Khurda កាលពី​ថ្ងៃអាទិត្យ ។ មនុស្ស ១៣ នាក់​ក៏បាន​ស្លាប់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Fani បោកបក់​នៅ​ភាគ​ខាងជើង ។​

​ប្រទេស​ឥណ្ឌា​ដំបូង​បានឈ្នះ​ការកោតសរសើរ​រាប់បញ្ចូល​ទាំង​អង្គការសហប្រជាជាតិ​ផងដែរ​សម្រាប់​ការជម្លៀស​មនុស្ស​ប្រមាណ ១.២ លាន​នាក់​ឲ្យ​មាន​សុវត្ថិភាព មុនពេល​ព្យុះ​បាន​មកដល់​នៅក្នុង​អ្វីដែល​ប្រមុខរដ្ឋ Odisha បាន​ហៅថា​ជាការ​ជម្លៀស​មនុស្ស​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ។​ប៉ុន្តែ​ការកោតសរសើរ​នេះ​បានប្រែក្លាយ​ទៅជា​កំហឹង​សម្រាប់​ប្រជាជន​ក្នុងស្រុក​ជាច្រើន​ដែល​ពួកគេ​មើលឃើញថា​ជា​ជំហាន​យឺតយ៉ាវ​នៃ​ការស្ថាបនា​ឡើងវិញ និង​ភាព​ព្រងើយកន្តើយ​ពី​អាជ្ញាធរ ។​

​លោក Shantilata Mishra អ្នកស្រុក​ម្នាក់​នៅក្នុង​ស្រុក Puri ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ​ភ្នាក់ងារ​ពត៌មាន​សារព័ត៌មាន Trust of India (PTI) ដោយ​និយាយថា “​ខ្ញុំ​បាន​បាត់បង់​ផ្ទះសម្បែង​របស់ខ្ញុំ​នៅក្នុង​ព្យុះ​ស៊ីក្លូន​មួយ​នេះ ។ គ្មាន​នរណាម្នាក់​មកពី​ស្ថាប័ន​រដ្ឋាភិបាល​បានមក​មើល​ផ្ទះ​ខូចខាត​របស់ខ្ញុំ​ទេ​” ។​អ្នក​រស់រានមានជីវិត​ដែលមាន​កំហឹង​បាននាំគ្នា​ដើរ​តាមផ្លូវ​ដើម្បី​តវ៉ា​ពី​ការយឺតយ៉ាវ​នៃ​ការ​ផ្តល់ជំនួយ​ព្រមទាំង​តម្លៃ​ខ្ពស់​នៃ​ម្ហូបអាហារ​សំខាន់ៗ និង​ទឹក ។​

​កាលពី​ថ្ងៃអាទិត្យ​បាតុករ​ដែល​រាំងខ្ទប់​ផ្លូវ​នៅក្នុង​រដ្ឋធានី Bhubaneswar នៃ​រដ្ឋ Odisha បាន​និយាយថា ការខ្វះ​ការសម្របសម្រួល​ក្នុងចំណោម​ភ្នាក់ងារ​រដ្ឋាភិបាល​នានា​បានធ្វើ​ឲ្យ​ពួកគេ​មានការ​ឈឺចាប់ ។​​ប្រមុខរដ្ឋ Odisha លោក Naveen Patnaik បាន​និយាយថា ការវាយតម្លៃ​លើផ្ទះ​ដែល​ខូចខាត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៥ ខែឧសភា និង​បាន​សន្យា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់ ៕