ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងខែក្រោយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ចិន ៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov នៅសូជីកាលពីថ្ងៃចន្ទបានថ្លែងថា ទំនាក់ទំនងចិន – រុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយ។

លោក វ៉ាង បានប្រកាសថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីនៅខែក្រោយដែលលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ តាមរយៈដំណើរទស្សនកិច្ចនេះផងដែរ នឹងនាំមកនូវសករាជថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ី។

លោក វ៉ាង បានគូសបញ្ជាក់ថា ទំនាក់ទំនងចិន – រុស្ស៊ីស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តដោយលោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយនៃការសម្របសម្រួលរវាងចិន និងរុស្ស៊ីគឺមានភាពចាស់ទុំរឹងមាំ។ ទន្ទឹមនោះលោកបានប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងជំរុញការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងចិន និងរុស្ស៊ី។

ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ីលោក វ៉ាង ក៏បាននិយាយថា ភាគីទាំងពីរនឹងឆ្លៀតយកឱកាសនេះដើម្បីបង្កើនការសម្របសម្រួល និងពង្រឹងចំណងមិត្តភាពទ្វេភាគីផងដែរ៕