ស្លាប់ម្នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែឧសភានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ (ប្រុស), របួសស្រាល៤នាក់ (ស្រី២នាក់) និងរបួសធ្ងន់១៣នាក់ (ស្រី២នាក់)។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់ និងស្រវឹង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៦១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៨នាក់ របួសធ្ងន់១៥១នាក់ និងរបួសស្រាល៦៩នាក់៕