សម្តេចតេជោ ហ៊ុន សែន បង្ហាញពីសក្តានុពល វិនិយោគ និងឧត្ដមភាពរបស់កម្ពុជា ចំពោះធុរជន និងអ្នកវិនិយោគ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែឧសភា ម្សិលមិញសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ខេ ភី សាម៉ា អូលី​ នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងវេទិកាធុរកិច្ច កម្ពុជា-នេប៉ាល់ ដែលប្រារព្ធឡើងនាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍​ស្វាគមន៍ រាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ដែលមានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ភ្ជាប់ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកទឹកចិត្ត ដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស សូមពិចារណាប្រទេសនេប៉ាល់ ជាប្រទេសគោលដៅ របស់ខ្លួនផងដែរ។
ក្នុងឱកាសដដែលនេះ សម្តេចតេជោ បានជម្រាបធុរជន និងអ្នកវិនិយោគទាំងអស់ នូវសក្តានុពលវិនិយោគនិងឧត្ដមភាព សំខាន់ៗរបស់កម្ពុជា ចំនួន៤ចំណុច គឺទី១.ភាពអំណោយផល នៃស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ទី២.ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគ ដោយគ្មានរើសអើង, ​ទី៣.កម្លាំងពលកម្ម ​មានភាពសម្បូរបែបនិងវ័យក្មេង និងចំណុចសក្តានុពលទី៤. គឺ​កម្ពុជាស្ថិតនៅលើ ទីតាំងភូមិសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលតំបន់នេះ កំពុងក្លាយទៅជារោងចក្រ នៅតំបន់អាស៊ី។ ​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគ ដែលត្រូវបានអនុម័ត មានចំនួន១១៥គម្រោង ក្នុងទុនវិនិយោគ ប្រមាណ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគ ប្រមាណ៨៦៣លានដុល្លារអាមេរិក ប៉ុណ្ណោះ។ ចំណែក ក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរ ដែលបានមកកាន់កម្ពុជា បន្តកើនឡើងជាលំដាប់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរបរទេស សរុបប្រមាណ១,៨៨លាននាក់ មានការកើនឡើង៩,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើន ឡើងបន្ថែមទៀត នៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុន ក្នុងវិស័យនេះ៕