រយៈពេល៤ខែដើមឆ្នាំ២០១៩ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ៤ពានលានដុល្លារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឲ្យដឹងថា នៅរយៈពេល៤ខែដំបូង ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១១៥គម្រោង សរុបទុនវិនិយោគចំនួន៤ពាន់លានដុល្លារអាមេរិក។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច និងលោក ខេ ភី សាម៉ា អូលី (K. P. Shama Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ អញ្ជើញក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនៅសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចបានបញ្ជាក់ថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។

សម្តេចបន្តថា ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ សម្តេចបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ យើងរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។

ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន១លានកន្លែង៕