ក្រុមសង្គមងងឹតជនជាតិចិនដែលបង្ហោះវីដេអូ គំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ មិនស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ 

ភ្នំពេញ ៖ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបញ្ជាក់នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ថា ក្រុមសង្គមងងឹតជនជាតិចិន ដែលព្រមានចង់បង្កធ្វើព្យុះភ្លៀង ក្នុងខេត្តព្រះសីហនុ គឺមិនស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ ហើយវីដេអូនោះទៀតសោត គឺជាឃ្លីបវីដេអូចាស់។

ការ​បញ្ជាក់​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើ​ឡើង​ក្រោយ​វី​ដេ​អូ​ឃ្លី​ប​មួយ​រយៈពេល​ច្រើន​វិនាទី​ បាន​បង្ហោះ​ដោយ​ក្រុម​សង្គម​ងងឹត​ចិន​ និង​បាន​និយាយ​ជា​ភាសា​ចិន​ព្រមាន​ថា​ ពួក​គេ​ដែល​មក​ពី​ខេត្ត​ ឆុង​ឈី​ង​ អាច​នឹង​បង្ក​ព្យុះ​ភ្លៀង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ​។​ ស្ថានទូត​ចិន​ក្រោយ​វី​ដេ​អូ​ឃ្លី​ប​ព្រមាន​នេះ​ បាន​យល់ព្រម​ធ្វើ​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​កម្ពុជា​ ដើម្បី​ការ​ស៊ើបអង្កេត​និង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់​។​

​នៅ​ថ្ងៃ​ទី​១៤​ឧសភា​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ក្រោយ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ទី​មួយ​ឃ្លី​ប​ វី​ដេ​អូ​ដែល​បាន​បង្ហោះ​អំពី​ក្រុមបងធំ​ជនជាតិ​ចិន​ដែល​គម្រាមកំហែង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​ មិនមែន​ជា​ឃ្លី​ប​វី​ដេ​អូ​ថ្មី​ទេ​ ប៉ុន្តែ​ជា​ឃ្លី​ប​វី​ដេ​អូ​ចាស់​។​ ទី​២​ ក្រុម​សង្គម​ងងឹត​នេះ​ សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​និង​រក​ឃើញ​ថា​ ក្រុមបងធំ​ទាំង​អស់នេះ​ ពុំ​មាន​វត្ត​មាននៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ​ឡើយ​។​ ទី​៣​ សមត្ថកិច្ច​នគរបាល​ ជាតិ​កម្ពុជា​ កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​និង​ជួន​ព័ត៌មាន​ទំនាក់ទំនង​សហការ​យ៉ាង​ម៉ត់ចត់​ជាមួយ​ភាគី​ចិន​ ដើម្បី​ស្រាវជ្រាវ​រឿង​នេះ​ អោយ​ទាល់តែ​ឃើញ​។

សូមជម្រាបថា កាលពីពេលថ្មីកន្លងទៅក្រុម​ជន​ជាតិ​ចិន​ប្រមាណ​ជាង១០នាក់ បានបង្ហោះវិដេអូឃ្លីបដែលមានរយៈ​ពេល​៩វិនាទី ដោយ​ក្នុង​នោះ​ គេឃើញ​បុរសពាក់អាវយឺតស បានប្រកាសខ្លាំង​ថា កំពង់សោមមានស្ថិរភាព ឬអត់ ស៊ីសងលើក្រុមវា។ ជាការ​ឆ្លើយតប នាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរ​បាល​ជាតិ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញដែល​ពាក់​ព័ន្ធ ធ្វើ​ការ​ស្រាវ​ជ្រាវភ្លាមៗ ដើម្បីរកក្រុមសង្គមងងឹតចិនមួយ​ក្រុមនោះ៕