អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ ប្រទេសចិននឹងមិនចុះចាញ់ការគាបសង្កត់ពីខាងក្រៅឡើយ

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសចិននឹងមិនចុះចាញ់ការគាបសង្កត់ពីខាងក្រៅទេ ហើយមានការសម្រេចចិត្ត និងសមត្ថភាពដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ។

លោក ហ្គេង បានថ្លែងបែបនេះនៅឯសន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបនឹងសំណួរទាក់ទងនឹងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ លោកថ្លែងថា ៖ «ចិនមិនចង់ឱ្យមានសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែយើងមិនខ្លាចប្រយុទ្ធគ្នាទេបើមាននរណាម្នាក់នាំសង្គ្រាមទៅដល់មាត់ទ្វារយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់»។

ការចរចាគឺជាដំណើរការនៃការពិភាក្សា ហើយវាជារឿងធម្មតាដែលថា ភាគីទាំងពីរមានគំនិតផ្សេងគ្នាក្នុងដំណើរការនេះ។ លោកបានបន្ថែមថា មុនពេលកិច្ចចរចាត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនោះមិនមាននិយាយថា “ការរំលោភលើការសន្យាទេ។ ”

លោកបាននិយាយថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាច្រើនស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយនៅវ៉ាស៊ីនតោនកាលពីខែឧសភាឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយភាគីអាមេរិកបានបោះបង់ចោលកិច្ចព្រមព្រៀងទាំងនោះក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ជាមួយគ្នានោះលោក ហ្គេង បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរអាចជួបគ្នា និងសម្រេចបាននូវកិច្ចព្រមព្រៀងផលប្រយោជន៍ទៅវិញទៅមក និងឈ្នះឈ្នះលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកដែលមានភាពស្មើគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសថានឹងដំឡើងពន្ធលើផលិតផលនាំចូលពី សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ ទីក្រុងវ៉ាស៊ីនតោនមកលើទំនិញរបស់ប្រទេសចិនមានទំហំជាង២០០ពាន់លានដុល្លារ។

បើតាមក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន ក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ។

បន្ទាប់ពីការប្រកាសដំឡើងពន្ធនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជួបជាមួយប្រធានាធិបតី ចិន លោក ស៊ី ជិនពីង នៅខែមិថុនាខាងមុខនេះ ដោយលោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ « រឿងនេះអាចនឹងកើតឡើង…ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថាខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ…ហើយខ្ញុំគិតថាវានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា»៕