អាមេរិក​និង​សម្ព័ន្ធមិត្ត​ចម្រុះ​ប៉ះទង្គិច​គ្នា​ជុំវិញ​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​

​ឧ​ត្ត​ម​សេនីយ៍​ទោ Chris Ghika អ្នកនាំពាក្យ​ចក្រភព​អង់គ្លេស​សម្រាប់​ប្រតិ​ប​ត្ដិ​ការ Inherent Resolve ដែលជា​សម្ព័ន្ធភាព​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​និយាយថា ពួកគេ​មិនឃើញ​ការគំរាមកំហែង​ណាមួយ​ពី​អ៊ីរ៉ង់​នៅក្នុង​តំបន់​នោះទេ​បើទោះបីជា​យោធា​សហរដ្ឋអាមេរិក​កំពុង​បង្កើន​កម្លាំង​របស់ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​ក៏ដោយ​។​

​លោក Ghika បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​តាមរ​យៈ​សន្និសីទ​តាម​ទូរទស្សន៍​នៅឯ​មន្ទីរ​បញ្ច​កោណ​ថា “​មិនមាន​ការគំរាមកំហែង​កើនឡើង​ពី​កងកម្លាំង​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ទេ​”​។​នោះបាន​នាំ​ឲ្យ​មានការ​ឆ្លើយតប​យ៉ាងខ្លាំង​ពី​បញ្ជាការ​កណ្តាល​អាមេរិក​ដែល​ក្នុង​រយៈពេល​ប្រាំបួន​ថ្ងៃ​កន្លងមកនេះ​បា​នព​ន្លឿ​ន​ការដាក់​ពង្រាយ​កងកម្លាំង​នៃ​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​ឈូង​សមុទ្រ​ដើម្បី​បន្ថែម​ពីលើ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52, កាំជ្រួច​មី​ស៊ី​ល Patriot និង​នាវាចម្បាំង​ដ៏​មាន​ឥទ្ធិពល​មួយគ្រឿង​ស្របពេល​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​ប្រទេស​អ៊ីរ៉ង់​។​

​សញ្ញា​លាយឡំ​គ្នា​នេះ​បាន​ចោទ​ជា​សំនួរ​អំពី​សហរដ្ឋអាមេរិក​ដែល​កំពុង​បង្កើន​កងកម្លាំង​របស់​ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​ដោយ​មិនមាន​ការពន្យល់​អំពី​ចារកម្ម​នៅ​ពីក្រោយ​ចលនា​នេះ​។​នៅ​ថ្ងៃទី​៥​ខែឧសភា ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក John Bolton បានប្រកាសថា មន្ទីរ​បញ្ច​កោណ​បាន​បញ្ជូន​ក្រុមការងារ​នៃ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln និង​ក្រុមការងារ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​តំបន់​នេះ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​មួយចំនួន​និង​ការព្រមាន​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់​។​

​ចាប់តាំងពី​ពេលនោះ​មក មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ខ្លួន​ក៏​នឹងដាក់​មី​ស៊ី​ល Patriot និង​នាវាចម្បាំង​នៅក្នុង​តំបន់​នេះ​ផងដែរ​ដើម្បី​ជាការ​ព្រមាន​មួយ​ចំពោះ​ទីក្រុង​តេ​រ៉ង់​។​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ផែនការ​ណាមួយ​ហើយ​សម្ព័ន្ធមិត្ត​អាមេរិក​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ភាព​តានតឹង​ដោយ​លើកឡើងថា វា​បាន​បង្កើន​ឱកាស​ដែល​គ្រោះថ្នាក់​មួយ​អាច​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដ៏​ធំ​៕