ជំងឺគ្រុនឈាមកំពុងវាយលុកខ្លាំងនៅស្រុកសៀមប៉ាង បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេ

ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេកន្លងមកថ្មីៗនេះមានករណីជំងឺគ្រុនឈាមកើតឡើងទៅកូនក្មេងចាប់ពីអាយុ៣ឆ្នាំ រហូតដល់អាយុ២៤ឆ្នាំ នៅស្រុកសៀមប៉ាង ហើយអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀត អាណាព្យាបាលមួយចំនួនមិនបានយកកូនរបស់ខ្លួនទៅកាន់មណ្ឌលសុខភាពទេ គឺយកទៅគ្លីនិកឯកជនទៅវិញ។

អាណាព្យាបាលម្នាក់ដែលកំពុងនាំកូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយបានបញ្ជាក់ថា គាត់ធ្លាប់នាំកូនមកទីនេះ កាលពីពេលកន្លងមក ដូច្នេះពេលកូនឈឺម្តងទៀត ក៏នាំមកទីនេះតែម្តង មិនបាននឹកគិតដល់មណ្ឌលសុខភាពទេ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោក អ៊ុង សូវៀត ធ្លាប់បានស្នើឲ្យមាតាបីតា និងអាណាព្យាបាលគ្រប់រូប មានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ត្រូវសម្អាតទីធ្លាជុំវិញផ្ទះ ត្រូវលុបទឹកថ្លុកនៅជុំវិញផ្ទះ សំបកកង់ឡាន ម៉ូតូ សំបកដូង ឫវត្ថុដែលអាចដក់ទឹកបាន ត្រូវដុតចោល ដើម្បីកុំឲ្យកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លោកប្រធានមន្ទីរបញ្ជាក់ថា ជំងឺគ្រុនឈាមកើតឡើងដោយ សារមូសខ្លាញីខាំ ដូច្នេះដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាម ត្រូវដេកក្នុងមុង ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោក អ៊ុង សូវៀត បញ្ជាក់ទៀតថា ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាម មានដូចជា ៖ ទ្បើងកម្តៅខ្លាំងភ្លាមៗ និងមានញាក់។ ឈឺចាប់ពេញខ្លួនប្រាណយ៉ាងខ្លាំង ឈឺក្បាល និងឈឺបំពង់ក។ អ្នកជំងឺមានអារម្មណ៍ពិបាកទ្រាំ។ រយៈពេលបីបួនថ្ងៃ អ្នកជំងឺមានអារម្មណ៍ធូរស្រាលទ្បើងវិញ។ បន្ទាប់ពីត្រទ្បប់មករកសភាពដើមវិញ រយៈពេលមួយឬពីរថ្ងៃ ដែលភាគច្រើនមានចេញកន្ទួលក្រហមនៅប្រអប់ដៃ និងប្រអប់ ជើង ដូចជាស្នាមមូសខាំ។

លោកបន្ថែមថា វិធីងាយៗដែលកុំឲ្យកើតជំងឺគ្រុនឈាម គឹត្រូវដេកក្នុងមុងកុំឲ្យមូសខាំ ត្រូវប្រមូលសំបកដប សំបកកំប៉ុង ឬវត្ថុផ្សេងៗដែលអាចដក់ដក់បាន ត្រូវប្រមូលដុតចោល ដើម្បីកុំសត្វមូសអាចពង និងបង្កើតកូនបាន៕