ក្រសួងសុខាភិបាលអំពាវនាវ​ដល់​ពលរដ្ឋប្រុងប្រយ័ត្ន​ជំងឺឆ្លង​ចំនួន៧មុខ​ ​នៅក្នុង​រដូវវស្សានេះ

​ភ្នំពេញ​ ៖​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​(​CDC​)​ ​នៃ​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​​ត្រូវ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​ចំនួន៧មុខ​ ​នៅក្នុង​រដូវវស្សា​ ​ដែល​បាន​ឈាន​មកដល់​នេះ។​ ​ជំងឺ​ទាំង៧មុខ​នោះ​ ​រួមមាន​ ​ជំងឺគ្រុនឈាម​ ​គ្រុនចាញ់​ ​គ្រុនផ្ដាសាយ​ ​គ្រុនក្ដៅ​ ​ជំងឺ​ចម្លង​ពី​ចំណីអាហារ​ ​និង​ទឹក​ ​ជំងឺអាសន្នរោគ​ ​និង​ជំងឺ​លិប​តូ​​។​

ជំងឺ​ទាំងនេះ​ ​តែងតែ​កើតឡើង​ជា​ញឹកញយ​នៅ​រដូវវស្សា​ ​ជាពិសេស​ពេល​មាន​លិចទឹក​ ​ដែល​ងាយ​នឹង​ចម្លង​ពី​ទឹកនោមសត្វ​កណ្ដុរ​ ​។​ ​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​មាន​លក្ខណៈ​គ្រុនក្ដៅ​ ​ឈឺក្បាល​ ​ឈឺ​សាច់ដុំ​ ​ក្អួត​ ​លឿង​ស្បែក​ ​ក្រហមភ្នែក​ ​ឈឺពោះ​ ​និង​កន្ទួល​លើ​ស្បែក​ ​។​

តាម​ការ​បញ្ជាក់​ ​លើ​ទំ​ព័​ហ្វេ​សប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​(​CDC​)​ ​បានឱ្យ​ដឹង​ថា​ ​ជំងឺ​ទាំងនេះ​ ​បើសិន​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ទេ​ ​វា​អាច​វិវត្ត​ទៅជា​ខូច​តម្រងនោម​ ​ថ្លើម​ ​រលាក​ស្រោមខួរ​ ​និង​វិបត្តិ​ដង្ហើម​ជាដើម​ ​។​
​ដើម្បី​ការពារ​សុខភាព​ពេល​រដូវភ្លៀង​ ​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការ​ដូចជា​ ​រក្សា​អាវភ្លៀង​ ​ឆ័ត្រ​ ​និង​ស្បែកជើង​ដើរកាត់​ទឹក​ ​ជាប់​ខ្លួន​ជានិច្ច​។​ ​ជាង​នេះ​ទៀត​ ​ត្រូវ​ងូតទឹក​ក្រោយពី​ត្រូវ​ទឹកភ្លៀង​ ​និង​ផឹកទឹក​ក្ដៅ​ ​ទឹកស៊ុប​ ​ឬ​ទឹកដោះគោ​ក្ដៅ​ ​។​

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​ក៏បាន​ធ្វើការ​ណែនាំ​ផង​ដែរ​ ​ដល់​ពលរដ្ឋ​ទាំងអស់​ ​ត្រូវ​អនាម័យ​ខ្លួនប្រាណ​ ​និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ ​និង​ទឹក​ ​បំបាត់​ដង្កូវទឹក​ ​និង​ជម្រក​មូស​ ​ត្រូវ​ផឹកទឹក​ឱ្យ​បាន​ច្រើន​ ​(​យ៉ាងតិច២លីត្រ​ក្នុង១ថ្ងៃ​)​ ​ដោយ​មិន​ត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​ខ្លាំង​នោះ​ឡើយ​។​ ​ចំពោះ​ការ​បរិភោគ​អាហារ​ ​គឺ​ ​ត្រូវ​បរិភោគ​អាហារ​ប្រកបដោយ​ជីវជាតិ​ ​អនាម័យ​ ​និង​ចៀសវាង​បរិភោគ​ក្រោម​ដំណក់ទឹក​ភ្លៀង​ ​។​

​លើស​ពីនេះ​ ​ប្រជាពលរដ្ឋ​គួរតែ​បរិភោគ​អាហារ​សម្បូរ​វីតាមីន​សេ​ ​(​C​)​ ​ដូចជា​ ​ត្របែក​ ​ល្ហុង​ទុំ​ ​ចេកទុំ​ ​ក្រូច​ពោធិ៍សាត់​ ​ផ្លែ​ស្ត្​រូបឺ​រី​ ​(​Strawberries​)​ ​បន្លែ​ព​ណ៍​បៃតងចាស់​ ​ដូចជា​ ​ផ្ទី​ ​ស្លឹក​ងប់​ ​ស្លឹកបាស​ ​ខាត់ណា​ ​សណ្ដែក​គួ​ ​និង​ប៉េងប៉ោះ​ជាដើម​ ​៕​