មេឈ្មួញឈ្មោះមុំ និងចាន់ណានៅតែបន្តដឹកឈើ ពីខេត្តព្រះវិហារទៅខេត្តកំពង់ធំយ៉ាងរលូនគ្មានការបង្ក្រាប

ខេត្តកំពង់ធំ ៖ ឈ្មួញឈើចែមុំ និងម្នាក់ទៀតឈ្មោះ ចាន់ណា នៅតែបន្តដឹកឈើពីខេត្តព្រះវិហារទៅស្តុកនៅចំណុចព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ក្នុងទឹកដីខេត្តកំពង់ធំដដែលដោយគ្មានការបង្ក្រាបឲ្យរាងចាលដែលមហាជនសង្ឃឹមថា មានតែកណ្ដាប់ដៃលោកអភិបាលខេត្ត សុខ លូ ទេដែលបំបែកសំបុកឈើខុសច្បាប់នៅចំណុចនោះបាន។

តាមប្រភពព័ត៌ដែលទទួលបាន នៅចំណុចខាងលើនេះមិនមែនមានតែមេឈ្មួញឈើ២នាក់នោះទេគឺមានឈ្មួញឈើជាច្រើននាក់ទៀតដែលដឹកឈើ ដូចជា ឈ្មួញឈើឈ្មោះ សាន និងបញ្ញា ជាដើមទីតាំងស្តុកឈើនៅចំណុចព្រំប្រទល់នេះគឺនៅចំហៀងទល់មុខទីស្នាក់ការបរិស្ថានជំរកសត្វបឹងពែរខេត្តកំពង់ធំនិងសង្កាត់មេព្រៃបល័ង្គ ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦២ ក្នុងទីរួមស្រុកបល្ល័ង្ក ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីកន្លែងស្តុកឈើនោះ តែមេឈ្មួញនៅតែដឹកឈើឆ្លងកាត់មុខស្នាក់ការ និងសង្កាត់នោះយ៉ាងរលូនដែលធ្វើឲ្យប្រជាពលរដ្ឋងឿងឆ្ងល់ថា តើស្នាក់ការបរិស្ថាន និងសង្កាត់មេព្រៃដាក់នៅទីនោះសម្រាប់ធ្វើអ្វី។

ទាក់ទងនឹងការដឹកឈើដែលគេដឹងថា គ្មានច្បាប់អនុញ្ញាតនោះត្រូវបានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ឈ្មួញឈើខាងលើភាគច្រើនជាឈ្មួញឈើនៅខេត្តកំពង់ធំបន្ទាប់ការរឹតបន្តឹងពីសមត្ថកិច្ចខេត្តកំពង់ធំក្រោមការដឹកនាំបញ្ជាពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំរួមទាំងព្រៃឈើចុះស្បើយផង ពួកឈ្មួញទាំងនោះបានបង្វិលទិសដៅទៅខេត្តព្រះវិហារវិញ ហើយនាំឈើចេញ ទៅស្រុកខេត្ត ស្រុករវាង និងស្រុកជាយសែនចូលមកខេត្តកំពង់ធំនៅចំណុចព្រំប្រទល់ខាងលើ ហើយទើបដឹកចែកចាយបន្តទៅថ្នល់បំបែកស្រុកកំពង់ស្វាយ និងស្រុកស្ទឹងសែន ឯមួយចំនួនទៀតដឹកបង្ហួសទៅស្រុកបារាយណ៍ និងខេត្តកំពង់ចាមមានស្រុកចំការលើ និងឃុំផ្អាវស្រុកបាធាយ។

សេចក្តីរាយការណ៍នេះបានបន្តថា មេឈ្មួញដឹកឈើឈ្មោះ ចែមុំ និងឈ្មោះ ចាន់ណា នេះក៏បានដឹកឈើទៅខេត្តសៀមរាបផងដែរ តាមផ្លូវភ្នំគូលែន ព្រោះមេឈ្មួញទាំង២នេះមានឥទ្ធិពលខ្លាំងណាស់ នៅខេត្តព្រះវិហារ និងតាមផ្លូវទាំង២ កំពង់ធំ, សៀមរាប៕ ដោយ ៖ ជឹម ទូច