ជំងឺគ្រុនឈាម មានការកើនឡើងខ្លាំងក្នុងខេត្តក្រចេះ បើធៀបនឹងឆ្នាំកន្លងទៅ

ខេត្តក្រចេះ ៖ ជំងឺគ្រុនឈាមក្នុងខេត្តក្រចេះនៅក្នុងឆ្នាំនេះបើគិតពីដើមឆ្នាំ២០១៩មកទល់ពេលនេះ មានការកើនឡើងខ្លាំងគួរឲ្យបារម្ភ បើធៀបទៅនឹងឆ្នាំមុនមានតែ៣០ករណីដែលធ្លាប់តែកើតឡើងមកលើកុមារ។

ជាក់ស្តែងក្នុងឆ្នាំនេះមាន៤៤២ករណី នៅទូទាំងខេត្តក្រចេះ កើតឡើងមិនថាកុមារ ឬ មនុស្សពេញវ័យ និងចាស់នោះទេ ខណៈដែលតំបន់មួយចំនួនដែលទទួលរងខ្លាំងជាងគេគឺ ៖ ឃុំមួយចំនួនក្នុងស្រុកស្នួល និងចិត្របុរី ក្នុងនោះមានមនុស្សចាស់៦ករណី មានមនុស្សស្លាប់ចំនួន៣នាក់ ហើយ ក្នុងនោះមានមនុស្សធំអាយុលើ១៥ ឆ្នាំម្នាក់បានស្លាប់ផងដែរ។ នេះជាការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះនាថ្ងៃទី ១០ ខែ មិថុនា ២០១៩នេះ។

លោកលើកឡើងថា កត្តាដែលជំរុញឲ្យកើតមាននូវជំងឺនេះឡើង គឺគួបផ្សំពីកត្តាអាកាសធាតុដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀងធ្លាក់មកយ៉ាងគំហុកបង្កឲ្យមានការកើតឡើងលឿន។ លោកបញ្ជាក់ថា ជំងឺនេះកើតឡើងដោយមុសខ្លា ហើយវាខាំយើងនៅពេលថ្ងៃ និង ពេលល្ងាច ទីកន្លែងដែលពួកវាងាយកើតឡើង គឺកន្លែងមានដក់ទឹកហើយថ្លារួមមាន ៖ ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្ការ ជាពិសេសសំបកកងឡាន ដែលយើងពុំបានចាប់អារម្មណ៍។

លោកបានបន្តទៀតថា វិធានការដែលអាចបង្ការ និងការពារបានខ្ពស់គឺការសម្អាតអនាម័យក្នុង និងក្រៅបរិវេណផ្ទះ បើកឲ្យពន្លឺខ្យល់អាកាសចូលផ្ទះគ្រប់គ្រាន់ ធ្វើការសម្អាត និងលុបទីកន្លែងដែលដក់ទឹក និងដាក់ថ្នាំអាប៊ែតសម្លាប់ និងកម្ចាត់ចោលឲ្យអស់នូវទឹកដែលដក់ក្នុងថ្លុកឬរណ្តៅ សំបកកង់ឡាន។ល។ និង។ល។ មិនឲ្យពួកវាមានកើតមកជាថ្មី។

លោកបន្តថា វិធីអាចក្នុងរយៈពេល១សប្តាហ៍ម្តង ដែលវិធីនេះមានប្រសិទ្ធភាពយូរអង្វែងជាងការបាញ់ថ្នាំដែលសម្លាប់បានតែ១ថ្ងៃ ហើយករណីបាញ់ថ្នាំនេះ គឺបាញ់ទៅលើតែតំបន់ដែលណាដែលសម្បូរនូវជំងឺគ្រុនឈាមនេះ។ ហើយថ្ងៃបន្ទាប់វានឹងមានការកកើតថ្មីបន្ថែមទៀត។ ក្នុងសកម្មភាពបង្ការនេះដែរ មន្ទីរសុខាលភិបាល បានចុះផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ នៅតំបន់ងាយរងគ្រោះតាមរយៈរថយន្តចុះដាក់ថ្នាំបង្ការទៅតាមពាងទឹក អាងទឹក និងបានធ្វើការបាញ់ថ្នាំកម្ចាត់មូសនៅតាមទីលានសាធារណៈផងដែរ។

លោកបន្តទៀតថា អាការៈសង្ស័យនៃជំងឺនេះ យើងអាចសម្គាល់បានទៅលើកុមារក្តៅខ្លួនខ្លាំង ឈឺឆ្អឹងឆ្អែង ឈឺពោះ ក្អួតចង្អោរ ចេញស្នាមអុចកន្ទួល ឬស្នាមជំជាដើម។ បើសិនជួបនូវអាការៈខាងលើនេះ សូមប្រញាប់នាំកូនចៅ ឬសមាជិកមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ជៀសវាងការមកទទួលសេវាពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជន ហើយបើគិតមកទល់ពេលនេះ គ្មានគ្លីនិកឯកជនណាមួយមានលទ្ធភាពពិនិត្យ និងព្យាបាលជំងឺគ្រុនឈាមនេះបាន ដូចជាមន្ទីរពេទ្យរបស់រដ្ឋនោះទេ ពីព្រោះអាការៈជំងឺនេះមានការប្រែប្រួលលឿនរហ័សអាចបង្កឲ្យគ្រោះថ្នាក់ និងស្លាប់បាន។

ចំពោះបញ្ហានេះដែរ ក្រសួងសុខាលភិបាលកំពុងតែចាត់វិធានការរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការ និងបានចុះកិច្ចសន្យាជាបណ្តើៗហើយ និងកំពុងស្វែងរកសេវាដែលគ្មានច្បាប់អនុញ្ញាតមកធ្វើការណែនាំ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕ ដោយ ៖ ស៊ានចន្ទ័ដា