នា​ដើមឆ្នាំ​២០១៩​នេះ​ ទេសចរណ៍​ចិន​នៅតែ​ឈរ​លំដាប់​ទី​១​ដែល​មក​ទស្សនា​ប្រទេសកម្ពុជា​

ភ្នំពេញ ៖ ​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​ចិន នៅតែ​ឈរ​លំដាប់​ទី​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​ម​ក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​៤​ខែ នៃ​ដើមឆ្នាំ​២០១៩​នេះ ។ ជាក់ស្តែង​នៅក្នុង​ខែមេសា ឆ្នាំ​២០១៩​កន្លងទៅនេះ ភ្ញៀវ​ទេសចរណ៍​ចិន ដែល​មក​ទស្សនា​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​៣៧% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ២០១៨ ហើយ​ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​១ ផងដែរ ។​
​ ​បើតាម​របាយការណ៍ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ក្នុង​ខែមេសា​ឆ្នាំ ២០១៩ មាន​ចំនួន ៥៣៧.៦៥៦​នាក់ កើនឡើង​ប្រមាណ​១៦% បើ​ប្រៀបធៀប​ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ ។ សរុប​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ២.៤១៥.៥០៩​នាក់ កើនឡើង​ជាង​១១% ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ចំនួន​៨៨៧.០៣៩​នាក់ កើន ឡើង​ជាង​៣៧% ស្ថិតនៅ​លំដាប់​ទី​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ។​ ចំណែក​ភ្ញៀវ​ទេសចរណ៍​វៀតណាម​ឈរ​លំដាប់​លេខ​២ ដោយ​ភ្ញៀវ​វៀតណាម​មក​កម្ពុជា មាន​ចំនួន​២៦៥.៧២៨​នាក់ ស្មើនឹង​១១% នៃ​ចំនួន​សរុប ហើយ​កើនឡើង​ប្រមាណ​១,២% ខណដែល​ភ្ញៀវ​មកពី​ប្រទេស​ឡាវ​ស្ថិតក្នុង​លំដាប់​លេខ​៣ ដែលមាន​ចំនួន​១៥៤.៩៤៣​នាក់ ស្មើ នឹង​៦,៤% នៃ​ចំនួន​សរុប ហើយ​កើនឡើង​ប្រមាណ​៦,៨% ផងដែរ ។​
​ ​កត់សម្គាល់ថា រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរណ៍​មកពី​អង់គ្លេស​,​បារាំង​, ជប៉ុន​,​ថៃ​, ម៉ាឡេស៊ី មានការ​កើនឡើង ខណដែល​ភ្ញៀវ​មកពី​អាមេរិក​និង​កូរ៉េ​មានការ​ថយចុះ​ក្នុង នោះ​ភ្ញៀវ​មកពី​អាមេរិក​ថយចុះ ០,២% និង​ភ្ញៀវ​មកពី​កូរ៉េ​ថយចុះ ២៣,៤% ធៀប​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៨ ។​
​ ​ដោយឡែក​អំពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​ទៅ​ទស្សនា​តំបន់​អទិភាព​នៅ​កម្ពុជា ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៩​នេះ រួមមាន​តំបន់​ភ្នំពេញ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចំនួន​១.៤៤២.២០៤​នាក់ ស្មើនឹង​៥០,៤% នៃ​ចំនួន​សរុប កើនឡើង​២៨,៣% ប្រៀបធៀប​រយៈ ពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។ តំបន់​សៀមរាប​អង្គរ​ទទួលបាន​៩៧៣.៣០៥​នាក់ ស្មើនឹង​៣៤% នៃ​ចំនួន សរុប​ថយចុះ​៧,៤% ខណដែល​តំបន់ឆ្នេរ​សមុទ្រ​ទទួលបាន​៤១២.១០៣​នាក់ ស្មើនឹង​១៤,៤% នៃ​ចំនួន​សរុប​កើនឡើង​២៤,៣% និង​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឥ​សាន្ត​ទទួលបាន​៣២.៣៥៩ នាក់ កើនឡើង​១៣,៩% តំបន់​ប្រាសាទព្រះវិហារ​ទទួលបាន​២៤.២៧៤​នាក់ ថយចុះ​៣% ប្រៀប ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ។​ ទន្ទឹម​នោះ​ភ្ញៀវ​ទេសចរណ៍​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន​៦៦០.៣៦៥​នាក់ កើនឡើង​ប្រមាណ​១,២% ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​៕