មនុស្ស​ម្នាក់​ស្លាប់​ពេល​​ឧទ្ធម្ភាគចក្រធ្លាក់​លើ​អគារនៅ Manhattan

ញូវយ៉ក ៖ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ធ្លាក់​នៅលើ​អគារ​ក្នុង​សង្កាត់ Manhattan កាលពី​ថ្ងៃ​ចន្ទ​ដោយ​នាំ​ឲ្យ​ឆាបឆេះ ​និង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ខណៈដែល​អ្នក​ស្ថិតនៅក្នុង​អគារ​ទាំងមូល​មាន​ភាព​ភ័យ​តក់ស្លុត​។​

​សេវា​សង្គ្រោះបន្ទាន់​បាន​ប្រញាប់ប្រញាល​ធ្វើដំណើរ​ទៅ​អគារ​កម្ពស់​៥៤​ជាន់​នៅលើ​វិថី​ទី​ប្រាំពីរ​បន្ទាប់ពី​អ្វីដែល​ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា “​ការ​ចុះចត​ដោយ​លំបាក​” ដោយ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​។​

​យោងតាម​ចៅហ្វាយក្រុង​ញូវយ៉ក​លោក Bill de Blasio បាន​និយាយថា នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក្រុង​ញូវយ៉ក​បានបញ្ជាក់​ពី​ការស្លាប់​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​សន្មត​ថា​ជា​អ្នកបើកបរ​។​ថ្លែង​នៅ​កន្លែងកើតហេតុ លោក de Blasio បាន​និយាយថា នៅពេលនេះ យើង​មិនទាន់​ដឹងថា​មាន​អ្នករបួស​នៅក្នុង​អគារ​ឬ​នៅលើ​ដី​ដែរ​ឬក៏​អត់​នោះទេ​។​

​យោងតាម​និយតករ​អាកាសចរណ៍​អាមេរិក​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​នៅលើ​ឧទ្ធម្ភាគចក្រ​នេះ​។​លោក de Blasio បាន​បន្តថា “​នៅពេលនេះ មិនមាន​ការចង្អុលបង្ហាញ​ទេ​ថា​នេះ​គឺជា​ទង្វើ​ភេរវកម្ម​។​
​ហើយ​មិនមាន​ការគំរាមកំហែង​ជា​បន្តបន្ទាប់​ទេ​ចំពោះ​ទីក្រុង​ញូវយ៉ក​ដោយ​ផ្អែកលើ​ព័ត៌មាន​ទាំងអស់​ដែល​យើង​មាន​នា​ពេលនេះ​”​។​​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយថា ខ្លួន​បាន​ពន្លត់​អគ្គិភ័យ​នៅលើ​ដំបូល​អគារ​ដែល​ក​ម្ព​ស់រប​ស់វា​អាច​បង្ក​ជា​បញ្ហា​​ប្រឈម​ដល់​អ្នក​ពន្លត់​អគ្គិភ័យ​។​

​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បានកំណត់​អត្តសញ្ញាណ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​នេះ​ថា​មានឈ្មោះ Agusta A109E ហើយ​បាន​និយាយថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ប្រហែល​ម៉ោង​១:៤៥​រសៀល​។​FAA បាន​បង្ហោះ Twitterថា ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​នឹងត្រូវ​ទទួលបន្ទុក​ក្នុងការ​ស៊ើបអង្កេត​ហើយនឹង​កំណត់​ពី​មូលហេតុ​ដែល​អាច​កើ​ត​ឡើង​នៃ​គ្រោះថ្នាក់​នេះ​៕