លោកយាយ លោកតាអំពាវនាវរកសប្បុជនជួយ ខណៈអាយុ៨៣ឆ្នាំ ហើយត្រូវមើលថែកូនអាយុ៥០ឆ្នាំជាងមានជំងឺលើសឈាមដេកដួលកន្ទេលទៀត

ខេត្តស្វាយរៀង ៖ គួរឲ្យអាណិតអាសូរពុនពេកតាយាយអាយុ៨៣ឆ្នាំរស់នៅក្នុងកូនផ្ទះតូបជញ្ជាំងបាំងដោយស្លឹកត្នោត និងដំបូលប្រក ស័ង្កសី ពួកគាត់ទាំង២នាក់ធ្វើអ្វីក៏មិនរួច ហើយគ្មានកូនចៅនៅជាមួយមើលថែបាយទឹកនំចំណី ហើយរស់សព្វថ្ងៃបានកូនស្រីផ្ទះក្បែរគ្នា និងអ្នកជិតខាងហុចបាយសម្លបន្តិចបន្តួចគ្រាន់បានហូបមួយថ្ងៃរស់មួយថ្ងៃ។

បើលោកយាយឈ្មោះ សឹង យ៉ា អាយុ ៨៣ឆ្នាំ និងលោកតាត្រូវជាប្តីអាយុ៨៣ដូចគ្នារស់នៅភូមិ រាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ព័ត៌មានយើងដឹងថា គាត់មាន៤នាក់ ក្នុងនោះស្រីម្នាក់មានទីលំនៅជិតផ្ទះលោកយាយ ហើយកូនប្រុសរបស់គាត់ដែលដេកឈឺនៅនឹងកន្ទេលនោះមានឈ្មោះ កឹម ព្រុន អាយុ៥០ឆ្នាំជាងមានប្រពន្ធ និងកូន៦នាក់ដែលមានជំងឺ លើសឈាមស្លាប់មួយចំហៀងខ្លួនអស់រយៈពេល៣ឆ្នាំជាងមកហើយ។

លោកយាយបានបន្តទៀតថា ចាប់តាំងពីកូនប្រុសរបស់ធ្លាក់ខ្លួនឈឺមកប្រពន្ធ និងកូនៗរបស់កូនប្រុសគាត់បានយកមកឲ្យនៅជាមួយរូបគាត់ដែលជាចាស់ជរាមើលថែទៅវិញទាំងរូបរាល់ថ្ងៃរស់បានដោយ សារមានអ្នកជិតខាងរួមកូនស្រីគេហុចបាយសម្លឲ្យពួកគាត់ហូបដែរ។ លោកយាយបានឲ្យដឹងទៀតថាចំពោះកូនចៅទាំងអស់គេមិនសូវគិតដល់ពួកគាត់នោះទេរាប់ឆ្នាំហើយ គេសឹងតែមិនមកអើតមើលមនុស្ស ជរាដូចពួកគាត់ផង។

លោកយាយ សឹង យ៉ា បានអំពាវនាវតាមរយៈសារព័ត៌មានយើងសុំឲ្យសប្បុរសជនមេត្តាជួយដល់ក្រុមគ្រួសាររបស់ដែលកំពុងជួបទុក្ខវេទនា ណាមួយពួកគាត់ជរាធ្វើអ្វីក៏មិនកើតថែមទាំងត្រូវមើលថែកូនប្រុសមានជំងឺដេកដួលនៅកន្ទេល ហើយសព្វថ្ងៃពួកគាត់រកតែលុយ ទិញថ្នាំ និងអាហារហូបស្ទើរមិនបានផងបានអ្នកជិតគេអាណិតឲ្យហូបម្តងម្កាល។

ជាមួយគ្នានេះលោក ចាន់ សាភឿន ជាពលរដ្ឋរស់នៅផ្ទះជិតលោកយាយខាងលើបានសំណូមពរដល់សប្បុជនជួយដល់ក្រុមគ្រួសារលោក យាយដែលកំពុងជួបការលំបាករកតែអង្កច្រកឆ្នាំងមិនបានផង ម្យ៉ាងវិញទៀតចាស់ជរាមិនអាចធ្វើការរកស៊ីបានគេក្មេងៗ៕ ដោយ ៖ ភក្តី