ផ្សព្វផ្សាយ និងអនុវត្តន៍អនុក្រឹត្យលេខ៦៤ អនក្រ បក.ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ០៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងអនុវត្តន៍អនុក្រឹត្យលេខ ៦៤ អនក្រ បក. ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សរុបចំនួន២៧០នាក់។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើងថា ដើម្បីពង្រឹងនូវប្រសិទ្ធផលការងារ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានកែប្រែថ្មី ដោយធ្វើការបំបែកអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ ជាពីរគឺ (១).អគ្គនាយកដ្ឋានប្រៃសណីយ៍ (២).អគ្គនាយកដ្ឋានទូរគមនាគមន៍ ដាច់ដោយឡែកពីគ្នា និងបានបង្កើតនូវអគ្គនាយកដ្ឋានថ្មីមួយបន្ថែមទៀតគឺ អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលមានតួនាទីនិងភារកិច្ចគ្រប់គ្រងរៀបចំគោលនយោបាយនៃធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ អោយស្របតាមការរីកចម្រើនលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់សកលលោក។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គោលបំណងនៃការកែសម្រួលរចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីពង្រឹងដល់ការគ្រប់គ្រងការដឹកនាំវិស័យទាំងបីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងប្រព័ន្ធឌីជីថល។ លើសពីនេះទៀតគឺ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាកត្តាគន្លឹះមួយក្នុងការកំណត់នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការធ្វើកំណែទម្រង់ និងកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់ក្រសួងរួចមក ការដឹកនាំនិងការគ្រប់គ្រងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នឹងមានការរីកចម្រើនថែមទៀត ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕