អំណោយមួយចំនួនត្រូវបានផ្តល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ ក្រោមការសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសប្បុរសជន

ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១០មិថុនា ម្សិលម៉ិញ បានដឹកនាំសមាជិកសមាជិកា និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្ត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ក៏ដូចជាថវិកាមួយចំនួនទៅផ្តល់ជូនដល់កុមារកំព្រានៅមណ្ឌលផ្ទះកុមារក្នុងស្រុកថាឡាបរិវ៉ាត់។

លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាក និងតម្រូវការជាក់ស្តែងរបស់ប្អូនៗ កូនក្មួយកុមាកំព្រាទាំងអស់ក្នុងមណ្ឌលកុមារកំព្រាស្រុកថាឡាបរិវ៉ាត់នាពេលបច្ចុប្បន្ន ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានស្វែងរកជំនួយពីសប្បុរសជននានា រួមជាមួយថវិការបស់សាខាផ្ទាល់ ដើម្បីទិញកង់ព្រមទាំងសម្ភារៈសិក្សាមួយចំនួនផ្តល់ជូនកូនក្មួយ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសិក្សានៅឯសាលារៀន ហើយអ្វីដែលសំខាន់នោះសាខានឹងនៅតែបន្តជួយដល់ក្មួយៗ ជារៀងរាល់ខែតាមរយៈផ្តល់ជូនជាស្បៀងអាហារ និងថវិកាដល់មណ្ឌលកុមារកំព្រា។

លោកបន្តថា ការលំបាករបស់ក្មួយទាំងអស់គ្នា ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាលោកយាយរបស់កូនក្មួយទាំងអស់ តែងតែយកចិត្តទុកដាក់ នឹងផ្តល់នូវក្តីសង្ឃឹម ភាពកក់ក្ដៅ នឹងក្តីស្រឡាញ់ មិនទុកឲ្យក្មួយណាម្នាក់ ឯកការនោះឡើយ ដូច្នេះហើយសូមក្មួយៗបន្តខិតខំរៀនសូត្រឲ្យបានពូកែដើម្បីជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត។

លោក សន មុន្នីផល្លា ប្រធានគ្រប់គ្រងមណ្ឌលកុមារកំព្រារផ្ទះកុមារថាឡាបរិវ៉ាត់ បានសម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណជាខ្លាំងចំពោះ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយពេលវេលាចុះសួសុខទុក្ខ និងនាំយកអំណោយដ៏មានតម្លៃ មកជូនកុមារកំព្រាក្នុងមណ្ឌលនាពេលនេះ ហើយអំណោយទាំងនេះ និងជួយសម្រួលដល់ការរស់នៅ និងបង្កលក្ខណៈងាយស្រួលដល់កុមារកំព្រារទាំងអស់ក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ។

លោកបញ្ជាក់ថា មណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់មានកុមារកំព្រាចំនួន២០នាក់ ហើយកុមារទាំងនេះ បាននឹងកំពុងសិក្សារៀនសូត្រចាប់តាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យក្រោមការជួយជ្រោមជ្រែងនិងឧត្ថមគាំទ្រ ពីសំណាក់សប្បុរសជននានា។ លោកបន្ថែមថា ដោយមានការឧបត្ថម្ភគាំទ្រពីសប្បុរសជន ក៏មានកុមារកំព្រាចេញពីមណ្ឌលផ្ទះកុមារថាឡាបរិវ៉ាត់បានបន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅមហា វិទ្យាល័យផងដែរ។

លោក សន មុន្នីផល្លា បានបន្តថា ផ្ទះមណ្ឌលរបស់លោកនៅតែមានភាពខ្វះខាត និងអំពាវនាវដល់សប្បុរសជននានា មេត្តាបន្តចូលរួម ជួយឧបត្ថមគាំទ្រដល់មណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ ជាបន្តទៀត ដើម្បីជាមូលដ្ឋានរឹងមាំសម្រាប់កុមារកំព្រាទាំងនេះបានបន្តការសិក្សារៀនសូត្រដូចជាក្មេងដទៃទៀត៕ ដោយ ៖ ម៉ាវិន