សម្តេចក្រឡាហោមស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការម៉ឺងម៉ាត់ចំពោះការហូរចូលយានយន្តគេចពន្ធពីប្រទេសជិតខាង

ខេត្តត្បូងឃ្មុំ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន​ក្រើនរំលឹក​ឲ្យ​អាជ្ញាធរខេត្ត​ទប់ស្កាត់​ការនាំ​ចូល​យានយន្ត ពិសេស​ម៉ូតូ​គេចពន្ធ​ពី​ប្រទេសជិតខាង និង​ត្រូវ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​យានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន ដឹកជញ្ជូន​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ដើម្បី​ធានាថា​អ្នកបើកបរ​របស់ខ្លួន នឹង​មិនបាន​ប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ជាដាច់ខាត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានរិះគន់ថា ខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលមានម៉ូតូអត់ស្លាកលេខច្រើនជាគេ ដោយសារតែមានការនាំចូលអត់ពន្ធពីប្រទេសវៀតណាម ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្ថែមទៀត។

ការស្នើរបស់សម្តេចក្រឡាហោម ស ខេង បែបនេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការប្រារព្ធទិវានេះសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យយកចិត្តទុក ដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍។ កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោមក៏បានផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវខិត ខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុង ប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌ យោគយល់អធ្យាស្រ័យ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខ និងសុវត្ថិភាព។

ជាមួយគ្នានេះផងដែរ សម្តេចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍ និងចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ចំពោះការហូរចូលយានយន្ត គេចវេសពីការបង់ពន្ធនាំចូលពីប្រទេសជិតខាង ការប្រើប្រាស់យានយន្ត ដោយគ្មានបណ្ណសម្គាល់ និងផ្លាកលេខ ឬការប្រើប្រាស់បណ្ណសម្គាល់យានយន្ត និងផ្លាកលេខក្លែងក្លាយ ដើម្បីធានាសន្តិសុខសុវត្ថិភាពសង្គម។

លើសពីនេះទៀត សម្តេចក្រឡាហោម បានស្នើឱ្យអង្គពិធី ក៏ដូចជាសិស្ស និស្សិតទាំងអស់ដែលបានចូលរួមក្នុងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍លើកទី១២នេះ ពេលត្រឡប់ទៅវិញ សូមជួយផ្សព្វផ្សាយដល់បងប្អូនមិត្ដភក្ដិ និងខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍តាមផ្លូវជាប្រចាំគ្រប់ពេល និងគ្រប់ទីកន្លែង៕