យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១១ ខែមិថុនានេះ រកឃើញយានយន្ដល្មើសច្បាប់៥៧៣គ្រឿង និងពិន័យ៣៦៤គ្រឿង

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៨៦គ្រឿង រកឃើញល្មើសច្បាប់៥៧៣គ្រឿង (ម៉ូតូ៣៦%) អប់រំ២០៩គ្រឿង និងផាកពិន័យ៣៦៤គ្រឿងក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៤២៤គ្រឿង, អប់រំ១២១គ្រឿង និងពិន័យ២៦៤គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៣,៣០៩គ្រឿង រកឃើញយានយន្តល្មើស៩,០៤៤គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ២,០៥៨គ្រឿង និងពិន័យ៣,៩៨៦គ្រឿង៕