ស្លាប់៥នាក់ និងរបួស៣១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១១ ខែមិថុនានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១១លើក (យប់១លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់), របួសស្រាល១៣នាក់ (ស្រី៧នាក់) និងរបួសធ្ងន់១៨នាក់ (ស្រី១២នាក់)។ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្តធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងបត់គ្រោះថ្នាក់។

របាយការណ៍បញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៦នាក់ របួសធ្ងន់១១៦នាក់ និងរបួសស្រាល៧៥នាក់៕