អាជ្ញាធរខេត្តក្រចេះបើកវេទិកាសាធារណៈថ្នាក់ជាតិដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបង្ហាញពីទុក្ខលំបាក

ខេត្តក្រចេះ ៖ ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិមួយដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបង្ហាញពីទុក្ខកង្វល់ និងបានបញ្ចេញមតិយោបល់ នូវការគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមវត្តមានលោក ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយស្រុកព្រែកប្រសព្វ និងមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ហើយនិងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ចូលរួមផងដែរ។

នៅក្នុងអង្គវេទិកានេះដែរ លោក ប៊ុន ហេង គណៈអភិបាលស្រុកព្រែកប្រសព្វបានឡើងថ្លែងសន្ទកថា និងសំណេះសំណាលស្វាគមន៍។ បងប្អូនមា្នក់ៗ មានភាពក្លាហានដោយមិនភ័យក្លាយក្នុងការបញ្ចេញមតិ ជីកឬសគល់ ហើយនិងហ៊ានរិះគន់ដល់មន្រ្តីពុករលួយ និងមន្រ្តីអសកម្មនៅមូលដ្ឋានដែលគាត់រស់នៅបច្ចុប្បន្ន។

ជាក់ស្តែងពួកគាត់បានលើកឡើង និងសំណូមពរនូវបញ្ហាមួយចំនួនរួមមាន ៖ ១- បញ្ហាគ្រឿងញៀនជាចំបង ទប់ស្កាត់មិនចេះអស់។ ២- បញ្ហាសន្តិសុខមានការធូរលុង។ ៣- ទំនប់ ប្រឡាយត្រូវមានវិធានការដោះស្រាយ និងសកម្មភាពក្នុងការផ្តល់សេវាសាធារណៈជូនពួកគាត់។ ចំពោះបញ្ហាអស់ទាំងនេះត្រូវអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធដោះស្រាយ ធ្វើការពន្យល់បកស្រាយជូនពួកគាត់ដើម្បីទទួលយកដោយក្តីរីករាយនៅក្នុងអារម្មណ៍។

លោក ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាព និងសំរាលដល់បងប្អូនយើងគ្រប់រូប ជៀសពីការចំណាយនូវលិខិតស្នាម ដូចជាធ្វើអត្តសញ្ញាណ្ណប័ណ្ណ សៀវភៅគ្រួសារ អត្រានុគោលដ្ឋាន។ល។ នេះមិនត្រូវបង់លុយឡើយ។ ជាពិសេសទៅទៀតនោះ សមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្រ្កាបឲ្យខានតែបាននូវបទល្មើសលួច ឆក់ ប្លន់ ពិសេសបទគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម ទាំងនេះហើយជាសុខទុក្ខបងប្អូន សុខទុក្ខរបស់ ប្រជាពលរដ្ឋជាសុខទុក្ខរបស់រាជរដ្ឋាភិបាល៕ ដោយ ៖ ស៊ាន ចន្ទ័ដា