អបអរសាទរ! កម្ពុជា​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ World Cup ​ក្រោយឈ្នះប៉ាគីស្ថានទាំងពីរជើង ៤-១

បាល់ទាត់ ៖ ក្រុម​ជម្រើសជាតិ​កម្ពុជាទទួលបាន​កៅអី​ទៅកាន់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៩ ក្រោយ​បន្ត​យកឈ្នះ​​ប៉ា​គី​ស្ថាន ២-១ នា​ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​បឋម ដែល​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Hamad bin Khalifa Stadium ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​យក​ធ្វើជា​ទឹកដី​។

២គ្រាប់របស់កម្ពុជា នាការប្រកួតជើងទី២ នេះ ធ្វើបានដោយកីឡាករ រ៉ូហ្ស៊ីប នៅនាទី ៦៤ និង រ៉ឹង ប៊ុនហៀង នាទី ៨៩ ចំណែក១គ្រាប់របស់ប៉ាគីស្ថាន ធ្វើបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់កីឡាករ Hassan Bashir នាទី ១៨។ លទ្ធផលនេះជួយឲ្យកម្ពុជាត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គជម្រុះ​ជុំទី២ (តាមពូល) ទល់នឹង​ក្រុម៤ទៀត។

ក្នុងការប្រកួតជុំទី២ មានក្រុមទាំងអស់៤០ ដោយត្រូវបែងចែកជា៨ពូល ក្នុង១ពូល មាន៥ក្រុម ដោយ​ធ្វើឡើងតាមរូបមន្តប្ដូរទឹកដីដោយក្រុមទាំងអស់ក្នុងពូលជាមួយគ្នាត្រូវប៉ះគ្នា២ជើង (ក្នុងដី ក្រៅដី)។

សូមបញ្ជាក់ថា ការចាប់ឆ្នោត​ជ្រើសរើសពូលសម្រាប់ការប្រកួតវគ្គជម្រុះ​តំបន់អាស៊ីជុំទី២នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេស​កាតា ដែលជា​ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup 2022៕