កម្ពុជា​ស្នើ​ម៉ាឡេស៊ី​បន្ត​នាំចូល​អង្ករ​ពី​កម្ពុជា​កាន់​តែច្រើន​ក្នុង​ឆ្នាំ​២០១៩

ភ្នំពេញ ៖ លោក​ ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិបាន​ស្នើសុំឲ្យ​ម៉ាឡេស៊ី ទិញអង្ករ​ពី​កម្ពុជា ចូល​ទីផ្សារ​ម៉ាឡេស៊ីឲ្យបាន​ចំនួន​កាន់តែ​ច្រើន​ទៀត និងបាន​អរគុណ​ដល់​ប្រទេស​ម៉ាឡេស៊ីដែល​បាន​ទទួល​ទិញ អង្ករពី​កម្ពុជាមាន​ចំនួន​ជាង៤ម៉ឺន​តោន នៅក្នុងឆ្នាំ​២០១៨​កន្លងទៅ។ នេះបើតាម​ការបញ្ជាក់​របស់​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស ក្រោយ​ជំនួប​ពិភាក្សា​រវាង​លោក ប្រាក់ សុខុន ជាមួយ​លោក Eldeen Hu saini BIN MOHD HASHIM ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩។

លោកស្រីបាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​ពិភាក្សា​លោក ប្រាក់ សុខុន​ ស្វាគមន៍​ចំពោះ​ការចូល​កាន់​តំណែង​ថ្មី​នៃ​ឯកអគ្គរដ្ឋទូត​ថ្មី​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ជាពិសេស​ប្រទេស​ក៏មាន​កិច្ចសហប្រតិបត្តិការ​ខ្ពស់​លើ​ពាណិជ្ជកម្ម និង​ពលករ​កម្ពុជា​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​​​ប៉ុន្តែ​ក្នុងជំនួប​នោះ​លោក ប្រាក់ សុខុន​បានស្នើ​ដល់​ម៉ាឡេស៊ី ពិនិត្យ​ការនាំ​ចូល​បន្ថែម​នូវ​អង្ករ​កម្ពុជា ខណៈដែល​ឆ្នាំ​២០១៨ ម៉ាឡេស៊ី​បាន​នាំចូល​អង្ករ​ពី​កម្ពុ​ជាជាង​៤​ម៉ឺន​តោន​។​ ​ទាក់ទង​នឹង​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក​ឧប​នាយករដ្ឋមន្ត្រីបាន​ស្នើឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី សហការ​ជាមួយ​អង្គការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ដើម្បីជួយដល់​ពលករ​ខ្មែរ​ដែលមាន​បញ្ហា​ពេល​ធ្វើការ​នៅ​ម៉ាឡេស៊ី។ ក្នុងនោះ​លោក​ក៏​បាន​ស្នើឲ្យ​ភាគី​ម៉ាឡេស៊ី បន្តជួយ​គាំទ្រ​ក្នុងការ​ការពារ​សិទ្ធិ​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ម៉ាឡស៊ី។

ជាការឆ្លើយតប ឯកអគ្គរាជទូត​ម៉ាឡេស៊ី បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី​វិញ​ថា បញ្ហា​ពលករ​នេះ​គឺជា​បញ្ហា​អាទិភាព​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដូច្នេះ​រដ្ឋាភិបាល​ម៉ាឡេស៊ីនៅតែ​បន្ត​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជាជួយ​ការពារ​ពលករ​ខ្មែរ។

យោងតាម​របាយការណ៍ ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​បាន​៤៩៧,២៤០​តោន ធ្លាក់ចុះ​១៣.១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៥៦២,២៣៧​តោន​៕