មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិសិង្ហបុរី

សិង្ហបុរី ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Teo Chee Hean ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ។

​ក្នុង​ជំនួប​នេះលោកទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហបុរី​ បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ណែ​ត និង​គណៈប្រតិភូដែល​បានមក​បំពេញ​ទស្សនៈ​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។

​លោកបាន​បន្តថា ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជាមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តាំងពី​យូរ​ឡុង​ណាស់​មកហើយ និយាយ​ជារួម​ក្នុង​វិស័យ​មួយចំនួន ដូចជា​អប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និង​និយាយ​ដោយឡែក​ក្នុង​វិស័យ​សន្តិសុខ​។ ទន្ទឹមនោះលោកមាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ទស្សនកិច្ច​របស់​លោកមេបញ្ជាការ​កងទ័ពជើងគោកនាពេលនេះនឹង​កាន់តែ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​។

​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​អរគុណ​ចំពោះ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​បាន​អញ្ជើញ​រូបលោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​មក​បំ​ពេញ​ទស្សនកិច្ច​ផ្លូវការ​។ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា ជាការ​ពិតប្រទេស​កម្ពុជា និង​ប្រទេស​សឹង្ហ​បុរី មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាង ៥០​ឆ្នាំ​មកហើយ ហើយ​ទំនាក់ទំនង​នេះ​នឹង​នៅតែ​បន្តទៅ​ថ្ងៃ​អនាគត​។

ដោយឡែកពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រទេស​កម្ពុជាក៏ដូចជា​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​ត្រូវ​រួមគ្នា​ថែរក្សា បើ​ពុំមាន​សន្តិភាព និង​សិ្ថ​រ​ភាពនោះ​ក៏​ពុំមាន​ការអភិវឌ្ឍ​ផងដែរ​៕​