ព្រឹកនេះសម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធបតី​ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ​អាណត្តិទី៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ​ ១០កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នឹងអញ្ជើញជាអធបតី​ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ​ អាណត្តិទី៣​ នៅសាលារាជធានីភ្នំពេញ​ ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុង បន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

លទ្ធផលផ្លូវការដែលប្រកាដោយគ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩អាសនៈ។

លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។

ជារួមមក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។ គណបក្សចំនួន៤ទៀត ដែលចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈឡើយ៕