របាយការណ៍​៖ បងប្រុស​ម្ដាយ​ទីទៃ​លោក គីម ជុង​អ៊ុន គឺជា​អ្នកស៊ើប​ការណ៍​របស់ CIA

កូរ៉េខាងជើង ៖ កាសែត​កូរ៉េ Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា លោក គីម ជុង​ណា​ម ដែលជា​បងប្រុស​ម្ដាយ​ទីទៃ​នៃ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ២០១៧ គឺជា​អ្នកស៊ើប​ការណ៍​របស់ CIA ។​

​កាសែត​នេះ​បាន​និយាយថា លោក គីម ជុង​ណា​ម បាន​ជួប​ជាមួយ​ក្រុមការងារ​រប​ស់ CIA ជាច្រើន​ដង ។​លោក គីម ជុង​ណា​ម ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នក​ស្នង​មរតក​ចំពោះ​មេដឹកនាំ​របស់​កូរ៉េខាងជើង​បាន​ស្លាប់ បន្ទាប់ពី​ប្រឈមមុខ​នឹង​ភ្នាក់ងារ​សរសៃប្រសាទ VX ខុសច្បាប់ ខណៈដែល​លោក​បាន​រង់ចាំ​នៅ​ព្រលានយន្តហោះ​គូ​ឡា​ឡាំ​ពួរ។​

​យោងតាម​ប្រភព​របស់​កាសែត Journal បាន​ឲ្យ​ដឹងថា មាន​ទំនាក់ទំនង​រវាង​លោក គីម ជុង​ណា​ម និង CIA ប៉ុន្ដែ​កាសែត​នេះ​បាន​និយាយថា ព័ត៌មាន​លម្អិត​នៃ​ការទំនាក់ទំនង​របស់​គាត់​ជាមួយ​ភ្នាក់ងារ​ចារកម្ម​គឺ​មិន​ច្បាស់លាស់​នោះទេ។ ​ប្រភព​បាន​និយាយថា លោក គីម ជុង​ណា​ម បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បី​ជួប​ទំនាក់ទំនង​ភ្នាក់ងារ CIA របស់គាត់ ប៉ុន្តែ​វា​ប្រហែលជា​មិនមែនជា​គោលបំណង​តែមួយគត់​សម្រាប់​ការធ្វើដំណើរ​របស់គាត់​នោះទេ។​

​លោក គីម ជុង​ណា​ម បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​គេ​វាយប្រហារ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុង​ការធ្វើឃាត​តាមបែប​សង្គ្រាមត្រជាក់​ដែលមាន​ភាព​តក់ស្លុត​ដល់​ពិភពលោក។​
​ស្ត្រី​វ័យក្មេង​ពីរ​នាក់​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត។ ពួកគេ​បាន​អះអាងថា ពួកគេ​ត្រូវបាន​បោក​បញ្ឆោត​ដោយ​ភ្នាក់ងារ​កូរ៉េខាងជើង​ដើម្បី​ធ្វើការ​វាយប្រហារ ហើយ​បាន​គិតថា​វា​ជាការ​សម្ដែង​តាម​កម្មវិធី​ទូរទស្សន៍។​

​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​បាន​ទម្លាក់ចោល​ទាំងស្រុង​ការចោទប្រកាន់​ប្រឆាំងនឹង​ពួកគេ ហើយ​ស្ត្រី​ឥណ្ឌូនេស៊ី Siti Aisyah ត្រូវបាន​ដោះលែង​នៅ​ខែមីនា​ឆ្នាំនេះ ខណៈ​ស្ត្រី​វៀតណាម Doan Thi Huong ត្រូវបាន​ដោះលែង​នៅក្នុង​ខែឧសភា។

​គួររម្លឹកថា ក្នុងករណីនេះ​ប្រទេស​កូរ៉េខាងត្បូង​ក៏បាន​ចោទប្រកាន់​កូរ៉េខាងជើង​ផងដែរ​ថា​បាន​បញ្ជាការ​វាយប្រហារ​នេះ ខណៈដែល​ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ ៕