ណូ​វែ​ល​ហ្សេ​ឡង់​បដិសេធ​ការធ្វើ​បត្យាប័ន​បញ្ជូន​ជនសង្ស័យទៅ​ប្រទេស​ចិន​

ណូ​វែ​ល​ហ្សេ​ឡង់ ៖ កាលពី​ថ្ងៃ​អង្គារ តុលាការ​ណូ​វែ​ល​ហ្សេ​ឡង់​បាន​បញ្ឈប់​ជនសង្ស័យ​ឃាតកម្ម​ម្នាក់​ពី​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​ដោយ​និយាយថា ខ្លួន​មិនអាច​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ប្រទេសមួយ​ដែលជា​កន្លែង​ការធ្វើ​ទារុណកម្ម​មាន​លក្ខណៈ​ជាទូទៅ ​និង​ជា​ប្រព័ន្ធ​នោះទេ​។​

​តុលាការ​ឧទ្ធរណ៍​បាន​បដិសេធ​ការសម្រេច​របស់​រដ្ឋមន្ត្រី​ក្នុង​ការធ្វើ​បត្យាប័ន​លោក Kyung Kim ទៅកាន់​ប្រទេស​ចិន​ដោយ​និយាយថា ការធ្វើ​ដូច្នេះ​ចំពេល​ដែលមាន​ហានិភ័យ​ថា ​គាត់​នឹងត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​នោះ​គឺជា​ការរំលោភ​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។​

​ការវិនិច្ឆ័យ​៩៩​ទំព័រ​ដែល​រាប់បញ្ចូល​ទាំង​ការវាយតម្លៃ​លើ​ប្រព័ន្ធយុត្តិធម៌​របស់​ទីក្រុង​ប៉េកាំង​ផងដែរ​នោះ​គឺ​បាន​កើតឡើង​ចំពេល​មាន​បាតុកម្ម​ដ៏​ធំ​ដោយ​អ្នកក្រុង​ហុងកុង​ប្រឆាំងនឹង​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​។​

​មេធាវី​របស់លោក Kim ឈ្មោះ Tony Ellis បាន​និយាយថា ការសម្រេចចិត្ត​នេះ​គឺជា​ជ័យជំនះ​សិទ្ធិមនុស្ស​។ លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​គឺជា​ការវិនិច្ឆ័យ​មួយ​ដែលមាន​សារៈសំខាន់​ដល់​សិទ្ធិមនុស្ស​ដែល​នឹងមាន​ភាពខ្លាំង​ក្លា​នៅ​ទូទាំង​ពិភព​ច្បាប់​ទូទៅ​។ វា​មិនមែន​គ្រាន់តែ​ជា​រឿង​សំខាន់​នៅក្នុង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​តែមួយ​នោះទេ​”​។​

​លោក Kim ដែលជា​ជនជាតិ​កូរ៉េ​ហើយ​បានរស់នៅ​ក្នុងប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ​នោះ​គឺ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​លើ​ស្ត្រីជន​ជាតិចិន​អាយុ​២០​ឆ្នាំ​ម្នាក់​ឈ្មោះ Pei Yun Chen ខណៈពេលដែល​គាត់​កំពុងធ្វើដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ឆ្នាំ​២០០៩​។​

​លោក Kim ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ក្នុង​ឆ្នាំ​២០១១​ហើយ​ទីក្រុង​ប៉េកាំង​បានស្នើ​សុំ​ឲ្យ​ធ្វើ​បត្យាប័ន​គាត់​បន្ទាប់ពី​គាត់​បានទទួល​ការធានា​ថា គាត់​នឹងមិន​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​នោះទេ​ប្រសិនបើ​គាត់​ត្រូវបាន​កាត់ទោស​។​

​បន្ទាប់ពី​ដំណើរការ​ផ្នែក​ច្បាប់​រយៈពេល​ដ៏​យូរ​ដែល​រាប់បញ្ចូល​ទាំង​ការពិនិត្យ​ដោយ​រដ្ឋមន្ត្រី​ពីរលើក​ផងដែរ​នោះ នៅ​ឆ្នាំ​២០១៥​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​បានសម្រេច​ធ្វើ​បត្យាប័ន​គាត់​ដើម្បី​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅក្នុង​តុលាការ​ចិន​។​ ប៉ុន្តែ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ឈប់​ដំណើរការ​នេះហើយ​បាន​បង្គាប់​ឲ្យ​មានការ​ពិនិត្យ​ដោយ​រដ្ឋមន្ត្រី​លើក​ទី​បី​ ខណៈ​មាន​សំណួរ​លើកឡើង​អំពី​ប្រព័ន្ធ​ច្បាប់​របស់​ចិន​៕