Man Utd បង្វែរ​ចំណាប់អារម្មណ៍​ចង់​ខ្ចី​ជើង Bale ពី Real វិញ​

បាល់ទាត់ ៖ Manchester United ត្រូវបាន​គេ​រាយការណ៍​ថា បាន​បង្វែរ​ចំណាប់អារម្មណ៍​ក្នុងការ​ខ្ចី​ជើង Gareth Bale ពី Real Madrid វិញ បន្ទាប់ពី​ការចរចារ​តម្លៃ​ខ្លួន​ទិញ​ផ្តាច់​ពុំ​ត្រូវរ៉ូវ​គ្នា ។​

​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាងលើ ហាក់ដូចជា​ពុំ​ស្ថិតនៅក្នុង​ជម្រើស​របស់លោក Zinedine Zidane ទៀតឡើយ​សម្រាប់​រដូវ​កាល​ថ្មី​២០១៩/២០២០ ខាងមុខនេះ​។ ហើយ​ពេលនេះ ក្លឹប​ធំៗ​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប កំពុងមាន​ចេតនា​ចង់បាន​កីឡាករ​រូបនេះ​ទៅ​ចូលរួម​ក្រុម រួមមាន​ទាំង​ក្លឹប​នៅ​លី​គ​កំពូល​ចិន​រួម​ផង​។​

Man Utd ក៏​ជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ចង់បាន Gareth Bale ផងដែរ​។ បើតាម​របាយការណ៍​ពី​ខែ​មុននេះ ក្លឹប​អង់គ្លេស​ខាងលើ​បាន​ធ្លាប់​ហ៊ាន​សួរ​ចែចូវ​ជា​មូ​យ​កញ្ចប់​ទឹកប្រាក់ ៧៥​លាន​ផោន​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន Real Madrid បដិសេធ ដោយ​ទាមទារ​លើសពី​១០០​លាន​ផោន​។​

​ការចរចារ​មិនត្រូវ​គ្នា​នេះហើយ ខណៈ​ខាង Man Utd ក៏​មិន​ហ៊ាន​ចំណាយលុយ​កប់​ពពក​នាំយក​អតីត​កីឡាករ Tottenham Hotspur រូបនេះ​ផងដែរ ប៉ុន្តែ​ក៏មាន​គំនិត​ថ្មី​ដោយ​ចង់​ធ្វើការ ខ្ចី​ជើង​ក្នុង​លក្ខខណ្ឌ​រយៈពេល​វែង​ទៅវិញ​។​

​បើតាម​ប្រភពពី Metro UK បង្ហាញថា សំណើ​ខ្ចី​ជើង​នេះ​នាំមក​ទឹកដី Old Trafford នេះ Manchester United ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​បំបែក​កំណត់ត្រា​ក្លឹប​បច្ចុប្បន្ន ដោយ​ហ៊ាន​ផ្តល់ ៤៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ខណៈ​បច្ចុប្បន្នភាព Gareth Bale នៅ​ជាមួយ Real Madrid បានត្រឹមតែ ៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​៕