លោក Trump និយាយថា លោកទទួលបានលិខិតពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកបានទទួលលិខិតដ៏ល្អមួយពីលោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃកូរ៉េខាងជើង តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីលិខិតនេះឡើយ។ នេះបើយោតាមសារព័ត៌មានចិន ស៊ិនហួ។

លោក Trump បានប្រាប់សារពត៌មានមុនពេលចាកចេញពីសេតវិមានថា គាត់បានទទួលលិខិតយ៉ាងកក់ក្តៅ និងគួរឱ្យចាប់អារម្មណ៍ពីលោកគីមកាលពីថ្ងៃចន្ទ។ ទន្ទឹមនោះលោក Trump ក៏បានរំលឹកពីទំនាក់ទំនងដ៏ល្អរបស់លោកជាមួយលោក គីម ក៏ដូចជាសក្តានុពលដ៏ធំធេងរបស់កូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Morgan Ortagus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោក Trump និងលោក Mike Pompeo គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែមិថុនានេះ ដើម្បីពិភាក្សាពីការលុបបំបាត់នុយគ្លេអ៊ែរនៃឧបទ្វីបកូរ៉េជាមួយថ្នាក់ដឹកនាំសម្ព័ន្ធមិត្តទាំងពីរ។ លោក Ortagus ក៏បានបញ្ជាក់ផងដែរថា ក្រុងវ៉ាស៊ីនតោននៅតែបើកចំហសម្រាប់ការចរចាជាមួយក្រុងព្យុងយ៉ាង ខណៈទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងនឹងមិនត្រូវបានដកចេញទេ។

សូមជម្រាបថា ការចរចារគ្មានអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវបានផ្អាកចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ រវាងលោក Trump និងលោក គីម បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងកាលពីខែកុម្ភៈនៅក្នុងរដ្ឋធានីហាណូយរបស់វៀតណាម៕