រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំផ្សព្វផ្សាយការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយដើម្បីចូលរួមប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ សម្រាប់ការចែកជ័យលាភីនៅខែមករា ឆ្នាំ ២០២០។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុកផងដែរ។

លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថានដែលនឹងត្រូវយកចិត្តទុក ដាក់ដើម្បីរៀបចំឲ្យមានសង្កាត់គំរូនៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឲ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាររបស់អាស៊ានបានល្អនៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត សកម្មភាពរបស់ប្រជាពលរដ្ឋ ដើម្បីទីក្រុងស្អាត បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទីក្រុងកាន់តែស្រស់ស្អាតសមជាទីក្រុងស្អាត និងបៃតង។

ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២ទទួលបានជោគជ័យ លោក ឈួរ ច័ន្ទឌឿន បានជំរុញឲ្យអង្គភាពជុំវិញខេត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយនិងត្រៀមរៀបចំឲ្យមានសកម្មភាពទីក្រុងស្អាតគ្រប់ស្ថាបន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ និងកន្លែងផ្សេងៗទៀត ប្រកបដោយភាពស្អាត និងបៃតងគ្រប់រដូវកាលគ្រប់ពេលវេលាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនជាពិសេសអាជ្ញាធរក្រុងកំពង់ឆ្នាំងដែលជាបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២នាពេលខាងមុខនេះ៕