គណៈប្រតិភូខេត្តជាំងស៊ី ប្រទេសចិន ស្វែងយល់ពីសក្តានុពល វិនិយោគខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ប្រធានធនាគារខេត្តជាំងស៊ី ដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសមជាមួយលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះសម្រាប់ឱកាសវិនិយោគវិស័យធនគារ និងសំណង់។

លោក តឹង អ៊ីងគ័ង បានកោតសរសើរលោកអភិបាលខេត្តព្រះសីហនុ ដឹកនាំខេត្ត មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថានឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុដល់វិនិយោគខេត្តជាំងស៊ីឱ្យមកកាន់ខេត្តព្រះសីហនុ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា វិស័យកសិកម្ម ឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍ សំណង់ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។

លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥។

លោកអភិបាលខេត្តបានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមាន ៖ ទី១.កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ ចូលប្រមាណ៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ ចូលទូទាំងប្រទេស។ ទី២. ព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ មានជើងហោះហើរចំនួន១៣៣ជើងក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន៩១ជើងក្នុងមួយសប្តាហ៍ និងទី៣. តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប ២១៩ កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី៣៨.៦៥២ នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន៨ពាន់លានដុល្លាអាមេរិក។

លោកអភិបាលខេត្តបានបង្ហាញការស្វាគមន៍ក្រុមវិនិយោគិនស្របច្បាប់ និងធានាការពារសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកវិនិយោគ និងអ្នកទេសចរទាំងអស់ដែលមកខេត្តព្រះសីហនុ៕ ដោយ ៖ តឹង សុភាព