ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ០៤ទីតាំង នៅសង្កាត់ក្រាំងធ្នង់ ត្រូវមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញមានភាពមិនប្រក្រតី

ភ្នំពេញ ៖ នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដីបាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូចែកចាយទាំង០៤ផងដែរ។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ស្ថានីយ/ដេប៉ូចំនួន ០២ ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ និងស្ថានីយ/ដេប៉ូចំនួន ០២ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។

ដោយសារនេះជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕