លោកយាយតាអាយុ៨៣ឆ្នាំ និងកូនប្រុសមានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន ទទួលអំណោយមនុស្សធម៌ 

ខេត្តស្វាយរៀង ៖ លោកយាយ សឹង យ៉ា អាយុ៨៣ ឆ្នាំ និងលោកតា កឹម ញឹល អាយុ៨៣ដូចគ្នាត្រូវជាប្តីរស់នៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានកូន៤នាក់ ក្នុងនោះស្រីម្នាក់ ហើយកូនប្រុសរបស់គាត់ ដែលដេកឈឺនៅនឹងកន្ទេលនោះមានឈ្មោះ កឹម ព្រុន អាយុជាង៥០ឆ្នាំ មានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន អស់រយៈពេលជាង៣ឆ្នាំមកហើយ មានប្រពន្ធ និងកូន៦នាក់។

តែចាប់តាំងពីកូនប្រុសរបស់គាត់ធ្លាក់ខ្លួនឈឺមកបានមករស់នៅជាមួយគាត់ប្រពន្ធ និងកូនៗបានអញ្ជើញឲ្យត្រឡប់ទីទៅរស់នៅជាមួយក្រុមគ្រួសារវិញ ដើម្បីងាយស្រួលមើលថែជំងឺ តែគាត់មិនព្រមទៅ បានប្រពន្ធ និងកូនៗ យកអាហារមកឲ្យជាប្រចាំដែលគ្រួសាររបស់គាត់មានជីវភាពសមរម្យដែរ។

បន្ទាប់ពីទទួលបានព័ត៌មាននេះពីអាជ្ញាធរភូមិ ឃុំ នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោក សរ វណ្ណា នាយកសាខានាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខដល់ក្រុមគ្រួសាររបស់ពួកគាត់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សរ វណ្ណា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកសាខាបានបន្តទៀតថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ ចោល” ។ លោកនាយកសាខាក៏បានលើកទឹកចិត្ត និងសំណូមពរដល់ក្រុមគ្រួសារ សូមកុំអស់សង្ឃឹម ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ លេបថ្នាំតាមវេជ្ជបញ្ជាឆាប់បានជាសះស្បើយ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ។

អំណោយដែលបានផ្តល់ជូនទាំងពីរគ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៣០ គ.ក្រ មី១កេស កន្ទេលបត់១ ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប មុង១ ភួយ១ ក្រម៉ា១ សារុង១ ថវិកា៥០,០០០ រៀល៕ ដោយ ៖ ភក្តី