ស្លាប់៤នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមិថុនានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក (យប់៩លើក) បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់), របួសស្រាល៥នាក់ (ស្រីម្នាក់) និងរបួសធ្ងន់១៣នាក់ (ស្រី២នាក់)។ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច៧គ្រឿង, រថយន្តធំ៥គ្រឿង, យានផ្សេងៗ១គ្រឿង និងថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង និងងងុយ។

របាយការណ៍បញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣៨លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧០នាក់ របួសធ្ងន់១២៩នាក់ និងរបួសស្រាល៨០នាក់៕