ក្រុមបាល់ទាត់ម្រើសជាតិកម្ពុជាទទួលថវិកាលើកទឹកចិត្តពី​សម្ដេចតេជោ ​ហ៊ុន សែន

បាល់ទាត់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​មក​ដល់​មាតុភូមិ​កំណើត​វិញហើយ នា​រសៀល​ថ្ងៃទី១២ មិថុនា​នេះ ក្រោយ​បញ្ចប់​បេសកកម្ម​ដ៏ជោគជ័យ​នៅ​ទឹកដី​ប្រទេស​កាតារួចមក។ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា រួមទាំងអ្នកគាំទ្រ​ជាច្រើន​នាក់បាន​ទៅ​ទទួល​ស្វាគមន៍​ក្រុមកីឡាករ​កម្ពុជា ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញតែម្ដង។

ក្នុង​ឱកាស​នោះដែរ លោក​ សៅ សុខា ក៏បាន​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្តចំនួន ៣៧០០០ដុល្លារដល់​ក្រុមទាំងមូល ដែល​ជាថវិកា​របស់​សម្ដេចតេជោ​ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ពោល​គឺ​ក្នុង​ម្នាក់ៗ ទទួល​បាន១ពាន់​ដុល្លារ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបានប្រកួត​ឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​តំបន់​អាស៊ី FIFA World Cup 2022 នៅ​ប្រទេស​កាតា ដោយ​លទ្ធផល​សរុប​ទាំង២ ជើង ៤-១។ ក្រោយ​ជ័យជម្នះនេះ កម្ពុជានឹងឡើង​ទៅ​ប្រកួត​វគ្គ​​ជម្រុះ​ជុំ​ទី២ វគ្គ​ចែកពូលទល់នឹងក្រុមខ្លាំងផ្សេងទៀត​ក្នុង​តំបន់​អាស៊ី៕