រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាកុមារអន្តរជាតិ១ មិថុនា ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩

ខេត្តកំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិដើម្បីកុមារប្រចាំខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ បានអញ្ចើញជាអធិបតីកម្មវិធី ខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងកុមារកំព្រា ប្រមាណជាង ៣០០ នាក់ផងដែរ។

នាក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិដើម្បីកុមារប្រចាំខេត្តកំពង់ធំបានមានប្រសាសន៍ ថា កុមារគឺជាទំពាំងស្នងឫស្សី ហើយប្រៀបបានទៅនឹងក្រដាសសមួយផ្ទាំងដែលកំពុងតែរៀនពីសង្គមនៅពេលបច្ចុប្បន្ននិងនាថ្ងៃអនាគត ។ ដូចនេះសូមប្អូនៗកុមាររ៉ា កុមារីទាំងអស់ ខិតខំធ្វើយ៉ាងណាប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជាដែលលោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀនរាល់ថ្ងៃ ដើម្បីឲ្យក្លាយខ្លួនទៅជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ រស់នៅក្នុងសង្គម និងដើម្បីជាធនធានមនុស្សដ៏ល្អម្នាក់នាថ្ងៃអនាគតសម្រាប់ប្រទេសកម្ពុជា។

លោកបានបន្តទៀតថា ដោយសារប្រទេសកម្ពុជាយើងកំពុងតែមានការអភិវឌ្ឍ ហើយស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើបផងដែរនោះ បានធ្វើឲ្យកុមារមួយចំនួនភ្លើតភ្លើន លង់ខ្លួនទៅលើអំពើអបាយមុខល្បែងពាលាអាវាសែ ហើយឈានទៅដល់ការសេបគ្រឿងញៀន ដែលកត្តាទាំងអស់នេះធ្វើឲ្យខូចអនាគតរបស់ប្អូនៗ។ ដូច្នេះសូមប្អូនៗទាំងអស់គ្នា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា “ទេ” ចំពោះគ្រឿងញៀន។

ជាមួយគ្នានោះលោកក៏បានសំណូមពរឲ្យកុមារាកុមារីទាំងអស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាព នឹងត្រូវចេះស្ដាប់បង្គាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ និងខិតខំរៀនសូត្រ ដើម្បីធ្វើជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏ល្អម្នាក់ដែលសង្គម និងប្រទេសកម្ពុជាកំពុងតែត្រូវការ៕ ដោយ ៖ ជឹម ទូច