អាមេរិក​នឹង​បញ្ជូន​កងទ័ព​១០០០​នាក់​ទៅកាន់​ប្រទេស​ប៉ូឡូញ​​ទប់ទល់​ឥទ្ធិពល​របស់​រុស្ស៊ីនៅ​អឺរ៉ុប

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សន្យា​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda កាលពី​ថ្ងៃ​ពុធ​ថា ​លោក​នឹង​បញ្ជូន​កងទ័ព​អាមេរិក​ចំនួន​១០០០​នាក់​ទៅកាន់​ប្រទេស​ប៉ូឡូញ​ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី នៅ​អឺរ៉ុប​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​លោក Trump បានប្រកាស​ពី​ការបញ្ជូន​កងទ័ព​នេះ ​នៅ​សន្និសីទ​សារព័ត៌មាន​រួមមួយ​ជាមួយ​លោក Duda នៅក្នុង​សេត​វិមាន បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួមមួយ​អះអាង​ពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​និង​បាន​មើល​យន្តហោះ​ចម្បាំង​ធុន F-35 ផងដែរ ក្នុងអំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ ។​

​លោក Trump មិន​បញ្ជាក់​លម្អិត​ពី​ផែនការ​បញ្ជូន​កងទ័ព បន្ថែម​នេះ​ទេ ដោយ​គ្រាន់តែ​ឱ្យដឹងថា​កងទ័ព​១,០០០​នាក់ ដែល​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប៉ូឡូញ ហើយ​លោក​ក៏​មិនបាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ណាមួយ​លើ​ការ បង្កើត​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​ប៉ូឡូញ​នោះដែរ ដោយ​ខ្លាចក្រែង​រុស្ស៊ី​ចាត់វិធានការ ឆ្លើយតប​មកវិញ​៕