ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថានកំពុង​ប្រឈម​នឹង​ការ​មក​ដល់​របស់​ព្យុះ​ស៊ីក្លូន Vayu

ឥណ្ឌា​៖ មនុស្ស​៦​លាន​នាក់​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារព្យុះ​ស៊ីក្លូន​តំបន់​ត្រូ​ពិ​ក Vayu ដែលកំពុង​បោកបក់​ឆ្ពោះ​មកកាន់​ភាគ​ពាយព្យ​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​មកដល់​ក្នុង​រយៈពេល២៤​ម៉ោង​ទៀត​ ខណៈ​ដែល​ប្រទេស​ជិតខាង​ប៉ា​គី​ស្ថាន​ក៏​អាច​នឹង​រង​ផល​ប៉ះ​ពាល់ពី​ព្យុះ​ដ៏​កំណាច​មួយ​នេះ​ដូចគ្នាផងដែរ​។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ឥណ្ឌាបាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មនុស្ស​ប្រហែល​៣០​ម៉ឺន​នាក់នឹង​ត្រូវ​ជម្លៀស​ចេញទៅ​កាន់​ទីជម្រក ៧០០​កន្លែង ហើយ​សាលារៀន និង​មហាវិទ្យាល័យនៅ​ក្នុង​តំបន់​រង​ផល​ប៉ះ​ពាល់ នឹង​ត្រូវ​បិទ​រហូតដល់​ថ្ងៃ​សុក្រ​។​

ជាមួយ​នឹង​កម្លាំង​ខ្យល់​បក់​រហូតដល់​១២០គីឡូម៉ត្រ​ក្នុង ១​ម៉ោង ព្យុះ Vayu អាច​​នឹង​ក្លាយ​ជា​ព្យុះ​ខ្លាំងក្លា​ជាងគេ​បំផុត​ បោកបក់​មក​លើ​តំបន់​ភាគ​ពាយព្យប្រទេស​ឥណ្ឌា ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ​។ ព្យុះ​នេះ​ដែរបាន​កើតមានឡើង​រយៈ​ពេល​ ១​ខែ​ប៉ុណ្ណោះ ក្រោយ​ព្យុះ​ស៊ីក្លូន​ត្រូ​ពិ​ក​ដ៏​ខ្លាំងក្លា Fani​ បាន​បោកបក់​មក​លើ​តំបន់​ឆ្នេរ​ភាគ​ឦសានប្រទេស​ឥណ្ឌា​។​ កាល​ពី​ថ្ងៃ​ពុធ​ព្យុះ Vayu​ នឹង​បោក​ឆ្លងកាត់​ចម្ងាយ​ ២០០​ម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​ម៉ុំ​បៃ មុន​ពេល​វា​ធ្វើដំណើរ​មកដល់​រដ្ឋ​ហ្គូ​ចា​រ៉ាត់ ស្ថិត​នៅ​តាម​តំបន់​ឆ្នេរ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕