ចាប់ខ្លួនបក្ខបួកចោរប្លន់សម្លាប់តាមដីកាតុលាការ ពីខេត្តកំពង់ធំបញ្ជូនមកបាត់ដំបងវិញ

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ធំបានស្រាវជ្រាវឈានដល់ចាប់ខ្លួនបក្ខ បួកចោរប្លន់សម្លាប់ពីខេត្តកំពង់ធំបញ្ជូនមកបាត់ដំបងវិញតាមដីកាតុលាការ បន្ទាប់ពីជនដៃដល់ម្នាកនេះបានរួមធ្វើសកម្មភាពរួច រត់គេចខ្លួនទៅខេត្តកំពង់ធំបាត់។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា បន្ទាប់ពីបានចម្លើយសារភាពរបស់ជនដៃដល់២នាក់ថាដែលសមត្ថកិច្ចចាប់ខ្លួនបានថា នៅមានបក្ខពួកខ្លួមម្នាក់ទៀតគេចខ្លួនទៅខេត្តកំពង់ធំរួចមក សមត្ថកិច្ចយើងបានសុំដិការពីតុលាការខេត្តហើយបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ធំចុះស្រាវជ្រាវឈានដល់ការចាប់ខ្លួនបក្ខពួកជនដៃដល់ម្នាក់ទៀតនៅវេលាម៉ោង១៩និង០០ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩ នាទីនៅចំណុចភូមិពោធិខាវ ឃុំត្បូងប្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបន្តថា កម្លាំងនគរបាលស្រុកមោងឫស្សីសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងនិងសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះអនុវត្តន៍ដីការបង្គាប់អោយចូលខ្លួនលេខ ២៦អ.យ ចុះថ្ងៃទី១១.០៦.២០១៩ របស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង អនុវត្តន៍ចាប់ខ្លួនលើឈ្មោះ យួម យឿត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើបណ្តឹងព្រហ្មទណ្ឌពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់សម្លាប់)កាលពីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង៦:០០នាទីព្រឹក នៅចំនុចព្រៃពពេល ភូមិរការឈ្មោលឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងកន្លងមក។

បន្ទាប់ពីនាំខ្លួនបក្ខពួកជនដៃដល់មកដល់ខេត្តបាត់ដំបង សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនទៅតុលាការរួចហើយ៕