រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី២នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៧មិថុនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដោយនៅក្នុងនោះកិច្ចប្រជុំបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានរបៀបវារៈចំនួន៦ មានទី១ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។ ទី២ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាត។

របៀបវារៈទី៣គឺ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ។ ទី៤ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការ ជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ។ ទី៥ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពី ការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ។ ឬឯ របៀបវារៈទី៦គឺ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សីនិងផ្តៅ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃយ៍ ក៍បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាលដល់គណៈកម្មការជំនាញរដ្ឋសភាដើម្បី ពិនិត្យសិក្សា ផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត បានប្រគល់ឲ្យគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាពិនិត្យសិក្សា សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ឲ្យគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា៕