តុលាការ​សម្រេច​ចោទប្រកាន់​មនុស្ស​១៧​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ក្នុង​សំណុំរឿង​ក្លិប​លុ​ច្សសារី​

​​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​មនុស្ស​១៧​នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​ក្នុង​សំណុំរឿង​ក្លិប​កំសាន្ត​លុ​ច្ស​សារី ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​កាលពីពេល​ថ្មីៗ​នេះ ។ នេះ​បើ​យោងតាមការបញ្ជាក់​របស់​មន្ត្រី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក ដកស្រង់​សំដី​យកមក​ចុះផ្សាយ​ដោយ​លោក​បាន​បញ្ជាក់ថា ក្រៅ​ពីបទ​ចោទ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ជនល្មើស​ចំនួន​១៧​នាក់​នេះ រង​ការចោទប្រកាន់​ពីបទ​សមគំនិត​តាមរយៈ ការសម្រួល​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​រួម​នឹង​ការ​រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ លោក​ថា តំណាង​អយ្យការ​បាន​បញ្ជូន ជនល្មើស​១៧​នាក់ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​។​

​សូមជម្រាបថា ក្នុងចំណោម​ជនល្មើស​១៧​នាក់ ដែល​តុលាការ​សម្រេច​ចោទប្រកាន់​នោះ​គឺ​៥​នាក់​ជា​ជនជាតិ​វៀតណាម​។ ជនជាតិ​រៀ​ត​ណា​ម​៥​នាក់​នេះ ស្ថិតក្នុង​ចំណោម​មនុស្ស​៤០៨​នាក់​ដែលមាន​ជនជាតិខ្មែរ ចិន ម៉ាឡេស៊ី និង​សិង្ហ​បុរី ដែល​កងកម្លាំង​នគរបាល​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ​ចុះទៅ​ឃាត់ខ្លួន​នៅ​ក្លិប​លុ​ច្ស​សារី កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨​ខែមិថុនា​កន្លងទៅនេះ៕