នាយករដ្ឋមន្ត្រី​ជប៉ុន​ជួប​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ដើម្បី​ស្វែងរក​ការបន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​អាមេរិក​

​អ៊ីរ៉ង់ ៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្វែងរក​ការបន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ទីក្រុង​តេ​អេ​រ៉ង់​និង​វ៉ាស៊ីនតោន​អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​មួយរូប​ចាប់តាំងពី​បដិវត្តន៍​ឥស្លាម​ឆ្នាំ​១៩៧៩​មក​។​

​ទីក្រុង​តូ​ក្យូ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ហើយក៏​មាន​ទំនាក់ទំនង​ល្អជា​មួយ​ទីក្រុង​តេ​អេ​រ៉ង់​ផងដែរ​។ ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​ជាប់​នៅក្នុង​ការប្រឈមមុខគ្នា​ដ៏​ជូរចត់​ជាមួយនឹង​សហរដ្ឋអាមេរិក​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​កាលពី​ខែឧសភា​ឆ្នាំមុន​។​

​ចាប់តាំងពី​ពេលនោះ​មក ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ចេញ​នូវ​ទណ្ឌកម្ម​ជា​ឯកតោភាគី​សាជាថ្មី​ដែល​បង្ខំ​ឲ្យ​ប្រទេស​ជប៉ុន​ផ្អាក​ការទិញ​ប្រេង​របស់​អ៊ីរ៉ង់​ហើយ​ចាប់ផ្តើម​ការកសាង​កង​ទ័ព​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​ក៏មាន​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ផងដែរ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​អ៊ីរ៉ង់​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បន្ទាប់ពី​ក្រុម​ឧទ្ទាម Huthi យេ​មែន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុង​តេ​អេ​រ៉ង់​បាន​បង្ក​របួស​ដល់​មនុ​ស្ស​ចំនួន​២៦​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​មី​ស៊ី​ល​មួយ​លើ​ព្រលានយន្តហោះ​អារ៉ាប៊ីសាអ៊ូឌីត​។​

​លោក Abe បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​រួមគ្នា​មួយ​នៅ​ទីក្រុង​តេ​អេ​រ៉ង់​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani កាលពី​ថ្ងៃ​ពុធ​ថា “​វា​ចាំបាច់​ណាស់​ដែល​ប្រទេស​អ៊ីរ៉ង់​ត្រូវ​ដើរតួនាទី​ស្ថាបនា​ក្នុង​ការកសាង​សន្តិភាព​និង​ស្ថិរភាព​ដ៏​រឹងមាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​”​។ ​លោក Abe បាន​និយាយថា “​សព្វថ្ងៃនេះ ភាព​តានតឹង​កំពុង​កើនឡើង​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ អ្នកជំនាញ​មួយចំនួន​បានចង្អុលបង្ហាញ​ថា ជម្លោះ​អាច​បង្កឡើង​ដោយ​ចៃដន្យ​”​។​

​លោក​បាន​បន្ថែមថា “​ប្រទេស​ជប៉ុន​មានបំណង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​សមត្ថភាព​របស់ខ្លួន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ នេះ​គឺជា​គំនិត​តែមួយគត់​ដែល​នាំ​ខ្ញុំ​មកកាន់​ប្រទេស​អ៊ីរ៉ង់​”​។​គួរបញ្ជាក់​ជាថ្មី លោក Abe បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ​ជាមួយនឹង​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ក្រុង​តេ​អេ​រ៉ង់​និង​ក្រុង​វ៉ាស៊ីនតោន​៕