ស្លាប់២នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមិថុនានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៨លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស), របួសស្រាល៣នាក់ (ស្រី២នាក់) និងរបួសធ្ងន់១១នាក់ (ស្រី២នាក់)។ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច២គ្រឿង, រថយន្តធំ២គ្រឿង, យានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, និងស្រវឹង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៤៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧២នាក់ របួសធ្ងន់១៤០នាក់ និងរបួសស្រាល៨៣នាក់៕