តួកគីថ្កោលទោសការដាក់ឱសានវាទពីអាមេរិក និងអះអាងថាការទិញ S-400 គ្មានថ្ងៃអាចលុបចោលជាដាច់ខាត

អង់ការ៉ា ៖ រដ្ឋាភិបាលតួកគីកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនាម្សិលមិញប្រកាសបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ឱសានវាទឱ្យតួកគីលុបចោលគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងអង់ការ៉ា រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដាក់ឱសានវាទ​លើតួកគីបាននោះទេ ហើយទីក្រុងអង់ការ៉ានៅតែរក្សាសិទ្ធិក្នុងនាមជាប្រទេសមាន​អធិបតេយ្យភាពផ្ទាល់ខ្លួនក្នុងការធ្វើពាណិជ្ជកម្ម ឬទិញអាវុធពីប្រទេសជាដៃគូ។

សូមរម្លឹកថា នៅក្នុងខែធ្នូឆ្នាំ២០១៧ ទីក្រុងម៉ូស្គូ និងអង់ការ៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការទិញ និងដឹកជញ្ជូនប្រព័ន្ធការពារអាកាស S-400 ទៅកាន់ប្រទេសតួកគី។ ការដឹកជញ្ជូនលើកដំបូងរបស់ S-400 ត្រូវបានគេរំពឹងទុកនៅរដូវក្តៅនេះ។ ទោះបីជាមានការគំរាមកំហែងពីអាមេរិកចំពោះការដាក់ទណ្ឌកម្មទៅលើក្រុងអង់ការ៉ាក៏ដោយ ក៏មន្ត្រីតួកគីបាននិយាយថា ការទិញគ្រឿងបរិក្ខារយោធាគឺជាសិទ្ធិការពារអធិបតេយ្យភាព ហើយបានច្រានចោលនូវលទ្ធភាពបោះបង់ផែនការដើម្បីទទួលបានប្រព័ន្ធ S-400 ។

សូមជម្រាបថា កាលពីដើមសប្ដាហ៍សហរដ្ឋអាមេរិក បានហាមពីឡុតតួកគីចូលរួមវគ្គបណ្ដុះបណ្ដោល បើកបរយន្ដហោះចម្បាំង F-35 ហើយថែមទាំងព្រមានដែរថា នឹងលុបចោលគម្រោងលក់យន្ដហោះចម្បាំងនេះ ឱ្យតួកគី បើសិនជាតួកគីនៅតែមិនព្រមបោះបង់ចោលគំនិតចង់ទិញ S-400 ពីរុស្ស៊ីនៅត្រឹមចុង ខែកក្កដាខាងមុខនេះទេនោះ៕