​អាមេរិកព្រមានឥណ្ឌាថា ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី អាចប៉ះពាល់ដល់កិច្ចព្រមព្រៀងវិស័យការពារជាតិរវាង ប្រទេសទាំងពីរ

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិកបានធ្វើការព្រមានដោយប្រយោលដល់ឥណ្ឌាថា ការទិញប្រព័ន្ធការពារអាកាស S-400 ដែលផលិតដោយប្រទេសរុស្ស៊ីអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងទិញសព្វាវុធរវាងទីក្រុងញូដេលី និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik ។

ថ្លែងនៅក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Alice Wells រដ្ឋលេខាធិការរងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្ដាលបានថ្លែងថា ជម្រើសជាយុទ្ធសាស្ត្រត្រូវតែធ្វើឡើងដោយប្រទេសនានារួមទាំងប្រទេសឥណ្ឌាផងដែរទាក់ទងនឹងប្រព័ន្ធអាវុធដែលពួកគេជ្រើសរើសទិញ។

រដ្ឋាភិបាលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទំហំ៥.៤៣ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធ S-400 របស់រុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ហើយកាលពីសប្តាហ៍មុននេះ ក្រសួងការបរទេសឥណ្ឌា ទើបតែបានចេញសេចក្តីថ្លែងការណ៍បង្ហាញពី ការតាំងចិត្តមិនបោះចោល កិច្ចព្រមព្រៀងនេះឡើយ បើទោះបីជាត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ។

ច្បាប់មួយហៅកាត់ថា CAATSA ដែលសភាអាមេរិកអនុម័តកាលពីឆ្នាំ២០១៧ ផ្តល់សិទ្ធិឲ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីលើប្រទេសទាំងឡាយណាដែលហ៊ានទិញអាវុធពីប្រទេសរុស្ស៊ី ខណៈឥណ្ឌា និងតួកគីកំពុងតែប្រឈមមុខនឹងទណ្ឌកម្មអាមេរិកបានប្រើច្បាប់នេះកាលពីខែកញ្ញា ឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសចិន ជុំវិញការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ីដូចគ្នា៕