អភិបាលខេត្តកំពង់ចាមអំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលសេវានៅច្រកចេញចូលតែ១

ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅស្រុកកំពង់សៀមមកទទួលសេវាការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកកំពង់សៀម ដោយមិនចាំបាច់ចំណាយថវិកាផ្សេងៗឡើយ។

ការអំពាវនាវរបស់លោកអភិបាលខេត្តបែបនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការការិយាល័យច្រកចេញចូលតែ១របស់រដ្ឋបាលស្រុកកំពង់សៀម នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្តកំពង់ចាម មន្រ្តីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្ប្រជាពលរដ្ឋជាង៦០០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមសូមឲ្យប្រជាពលរដ្ឋទាំងអស់មិនចាំបាច់ទៅជួបលោកអភិបាលស្រុក ឬមន្រ្តីសាលាស្រុកទេ បងប្អូនគ្រាន់តែមកជួបមន្រ្តីនៅ  ការិយាល័យច្រកចេញតែមួយជាការស្រេច។ លោកបញ្ជាក់ផងដែរថា សូមបងប្អូនតាមដានលើការបំរើលើសេវាសាធារណៈនេះ ហើយមន្រ្តីកាន់ច្រកចេញចូលតែមួយ ត្រូវអនុវត្តដោយឈរលើគោលការធ្វើយ៉ាងឲ្យបានលឿនរាល់ឯកសារ របស់ពួកគាត់ និងមានតម្លាភាព ដោយមិនប្រកាន់និន្នានយោបាយអ្វីឡើយ។

លោកបាបន្តទៀតថា បើរដ្ឋតម្រូវឲ្យមានបង់ថ្លៃសូមបងប្អូនមេត្តាពិនិត្យលើបង់ដែលមានកំណត់នៅក្តារខៀនមាននៅទីនេះស្រាប់ ហើយមានវិក្កយបត្រត្រឹមត្រូវ បើគ្មានវិក្កយបត្រ គឺស្មើនឹងអំពើពុករលួយ។

យោងតាមរបាយការណ៍របស់លោក ប៊ិន ឡាដា គណៈអភិបាលស្រុកកំពង់សៀមបានបង្ហាញថា ការិយាល័យច្រកចេញចូលតែមួយបានដាក់ឲ្យសាកល្បងតាមអនុសាសន៍របស់លោក គួច ចំរើន  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមនូវសេវាចំនួន២ប៉ុណ្ណោះ គឺសេវានិត្យានុកូលកម្ម និងសេវា អត្រានុកូលដ្ឋាន ជាលទ្ធផលក្នុងដំណាក់កាលសាកល្បងនេះ ការិយាល័យច្រកចេញតែមួយទទួលបាន សេវានិត្យានុកូលកម្ម ( មានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងបទដ្ឋានផ្សេងៗ ទៀត សរុប ២.៤៩៨ សេវា។ ក្នុងនោះតម្រូវឲ្យបង់ប្រាក់មានកម្រៃមានចំនួន៥២៣សេវាទទួលទឹកប្រាក់ ៥២៣.០០០រៀល និងអត្រានុកូលដ្ឋានចំនួន៣២០៧ សេវា ប្រជាពលរដ្ឋមកទទួលចំនួនសរុប ១.១០០នាក់ផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា