ថៃ​ចោទប្រកាន់​ក្រុម​នាវិក​ដឹក​ជន​រ៉ូ​ហ៊ីង​យ៉ា​ពីបទ​ជួយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​

បាងកក ៖ ប៉ូលីស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​មេក្រុម និង​នាវិក​ទូក​ដែល​ដឹក​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៦៥ នាក់​ពីបទ​ជួយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​បន្ទាប់ពី​ក្រុម​នេះ​ត្រូវបាន​គេ​រកឃើញ​ជាប់គាំង​នៅលើ​កោះ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ។​

​ប៉ូលីស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស ២៩ នាក់ ស្ត្រី ៣១ នាក់ និង​កុមារ ៥ នាក់​ត្រូវបាន​គេ​រកឃើញ​នៅលើ​កោះ Rawi នៅ​ខេត្ត Satun ជា​កន្លែង​ដែល​ទូក​របស់​ពួកគេ​ត្រូវបាន​កើល​ឡើងគោក​ដោយសារតែ​ពី​បញ្ហា​ម៉ាស៊ីន ។​

​ក្រុម​នាវិក​ដែលជា​ជនជាតិ​មី​យ៉ាន់​ម៉ា ៥ នាក់ និង​មេក្រុម​ជនជាតិ​ថៃ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួយ​ជនបរទេស​ឲ្យ​ចូលទៅក្នុង​ប្រទេស​ដោយ​ខុសច្បាប់​ជា​បទល្មើស​មួយ​ដែល​អាច​ជាប់គុក​រហូត​ដល់ ១០ ឆ្នាំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Suchart Thirasawat បាន​ប្រាប់​រ៉​យ​ទ័​រថា “​យើង​បាន​ចោទប្រកាន់​ជនសង្ស័យ​ជនជាតិ​ថៃ និង​មី​យ៉ាន់​ម៉ា​ពីបទ​ជួយ​ដល់​ជនអន្តោប្រវេសន៍​ចូលមក​ដោយ​ខុសច្បាប់​” ។​លោក​បាន​និយាយថា ជន​រ៉ូ​ហ៊ីង​យ៉ា​កំពុង​ត្រូវបាន​យកចិត្តទុកដាក់ ខណៈ​អាជ្ញាធរ​ព្យាយាម​កំណត់ថា​តើ​ពួកគេ​ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ឬ​យ៉ាងណា ។​

​លោក Suchart បាន​ថ្លែងថា “​យើង​មិន​បានដាក់​ការចោទប្រកាន់​ប្រឆាំងនឹង​អ្នកដំណើរ​រ៉ូ​ហ៊ីង​យ៉ា​នោះទេ ហើយ​យើង​កំពុងធ្វើការ​ដើម្បី​កំណត់ថា​តើ​ពួកគេ​ជា​ជនរងគ្រោះ​ឬ​អត់​” ។​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់​បានធ្វើ​ដំណើរ​តាម​ទូក​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​ព្យាយាម​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ផ្នែក​មួយ​នៃ​អ្វីដែល​អាជ្ញាធរ​បារម្ភ​ថា​អាចជា​រលក​ថ្មី​នៃ​ការរត់ពន្ធ​មនុស្ស​តាម​សមុទ្រ បន្ទាប់ពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស​នៅ​ឆ្នាំ ២០១៥ ។​
​លោក Jaruwat Kliangklao អភិបាលខេត្ត Satun បាន​និយាយថា “​ផ្អែក​តាម​អ្វីដែល​យើង​ដឹង​រហូតមក​ដល់ពេលនេះ​ជន​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ​មកពី​តំបន់​ព្រំដែន​រវាង​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស ហើយ​ពួកគេ​កំពុងធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​” ។​

​ប្រទេស​មី​យ៉ាន់​ម៉ា​ចាត់ទុក​ជន​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​ទ្វីប​ឥណ្ឌា ហើយ​បាន​ឃុំឃាំង​មនុស្ស​រាប់ម៉ឺន​នាក់​នៅក្នុង​ជំរុំ​លាតសន្ធឹង​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ចាប់តាំងពី​អំពើ​ហឹ​ង្សា​វាយប្រហារ​តំបន់​នេះ​ក្នុង​ឆ្នាំ ២០១២ ។​

​ភាពចលាចល​នេះ​បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​នៃ​ជន​រ៉ូ​ហ៊ីង​យ៉ា​រត់​ភៀសខ្លួន​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​តាម​សមុទ្រ​ដែល​ជាការ​ភៀសខ្លួន​មួយ​ឈានដល់​កម្រិត​កំពូល​នៅ​ឆ្នាំ ២០១៥ នៅពេលដែល​មនុស្ស​ប្រមាណ ២៥,០០០ នាក់​ដែល​បាន​ឆ្លងកាត់​សមុទ្រ​អា​ដា​ម៉ាន់​សម្រាប់​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​បាន​លង់ទឹក​ជាច្រើន​នាក់​នៅក្នុង​ទូក​ដែល​គ្មាន​សុវត្ថិភាព និង​ការដឹកជញ្ជូន​លើស​ចំណុះ ៕